ខេត្តព្រះសីហនុ ៖ ពិតជាកម្រនឹងឃើញស្ត្រីដែលខ្លាំងនិងរឹងមាំដូចគាត់ណាស់ ខណៈយកទៅពេទ្យមិនទាន់ហួសភូមិផងនោះក៏បានបែកទឹកភ្លោះ ហើយណាមួយផ្ទះឆ្ងាយផង ក៏បានឈឺពោះកាន់តែខ្លាំងទៅៗ ហើយគាត់ក៏បានឲ្យប្តីជួយសម្រាលកូននៅតាមផ្លូវ តែប្តីមិនហ៊ាន ទើបឪពុករបស់គាត់បានមកដល់ក៏ជួយសម្រាលឲ្យ ។
បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានផុសវីដេអូ ភ្ជាប់ជាមួយនឹងសារសរសេរថា «ស្ដាប់សម្តីក្មួយស្រី ភាព សុជា អាយុ២៥ឆ្នាំ ដែលសម្រាលកូន នៅតាមផ្លូវ ភូមិចាំស្រី ឃុំកំពង់សីលា កាលពីម៉ោង៩និង៣០ព្រឹកនេះ «ឈឺពោះតិចៗបែកទឹកភ្លោះ ហៅប្ដីដឹកទៅពេទ្យបានបន្តិច ក៏សម្រាលតាមផ្លូវ កូនចេញជើងឱ្យប្ដីជួយទាញ ប្ដីអត់ហ៊ាន ទើបឪពុកមកដល់ក៏ជួយទាញកូនចេញ» ទើបពេទ្យទៅដល់យកមកពេទ្យ និងជួយសម្អាតជូន ។
ជាមួយគ្នានោះដែរស្ត្រីឈ្មោះ ភាព សុជា ក៏បានរៀបរាប់នៅក្នុងវីដេអូនោះបន្ថែមថា ៖ ដំបូងឈឺអត់ខ្លាំងផង ហើយការសម្រាលនេះកូនទី៣ ហើយ ដោយកូនមុនៗគាត់ឈឺខ្លាំង។
ជាក់ស្តែងក្នុងការសម្រាលនេះ គាត់ទទួលបានកូនស្រីដែលសម្រាលផ្ទាល់នៅតាមផ្លូវទៅពេទ្យ ខណៈគាត់បានសម្រាលនៅលើដីតែម្តង ។ គាត់បានបន្តថា គាត់បានប្រឹងចេញកូនបានពាក់កណ្តាលហើយ ក៏បានឲ្យប្តីជួយទាញកូន តែប្តីគាត់មិនហ៊ានទេ ដល់ប៉ារបស់គាត់មកតាមផ្លូវមកដល់ឃើញក៏ជួយសម្រាលឲ្យតែម្តង ៕
ដោយ ៖ សហការី