ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ទេសចរណ៍កោះហានតាមដងទន្លេមេគង្គ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ស្ថិតនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ស្ពាន សេកុង ចម្ងាយប្រមាណជា ២៤ គីឡូម៉ែត្រ និងទៅដល់កំពង់ចម្លង សហគមន៍ទេសចរណ៍ កោះហាន។

ប្រជាជននៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានទាញសក្ដានុពលធម្មជាតិនៅតាមដងទន្លេមេគង្គលើ រួមផ្សំជាមួយប្រពៃណីដូនតា ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបអាហារ ព្រមទាំងចំណេះជំនាញបន្ថែមផងដែរ មកបម្រើឱ្យវិស័យអេកូទេសចរណ៍ បានប្រាក់ចំណូលបន្ថែម និងទប់ស្កាត់បទល្មើសក្នុងតំបន់បានមួយកម្រិតផងដែរ។

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតនៅឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ (ធារាបវ៌្វត) ចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ មិនខុសពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយឡើយ សហគមន៍អេកូទេសចរណ៍កោះហាននេះក៏ជាតារារះបង្អួតឆាយានៅតាមដងទន្លេមេគង្គលើនៃតំបន់រាមសាផងដែរ។

លោកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានឱ្យដឹងថា ៖  នៅក្នុងសហគមន៍នេះភ្ញៀវទេសចរអាចទៅទស្សនា សម្រាកលម្ហែ និងឈ្វេងអំពីទេសភាពតំបន់ ធម្មជាតិ ភូមិស្រុកប្រជាជន ប្រពៃណី និងគោលដៅទេសចរណ៍ជាច្រើន ដូចជា ព្រៃអ្នកតា កោះហាន កោះសំបូរ កោះស្នែង កោះទន្លេ ភ្នំត្រងើល ថ្មកំបោរ វាលព្រលាន។

លោកស្រី ប៊ុន សំផាន បានបន្តថា ៖ ក្រៅពីនេះ ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្តនៅលើកោះមួយណាក៏បាន ដូចជា កោះហានជាដើម ហើយទទួលអាហាររបស់ប្រជាសហគមន៍យ៉ាងឆ្ងាញ់ពិសា។ ជិះទូកតាមដងទន្លេ ជិះទូកកាយ៉ាក់ ងូតលេងនឹងទឹកទន្លេ ការជិះកង់ ជិះម៉ូតូ ដើរក្នុងព្រៃសហគមន៍ ស្ទួចត្រី បង់សំណាញ់ ទស្សនាថ្ងៃរៀបលិច ជីកចង្រិតជាដើម ក៏សុទ្ធតែជាផលិតផលទេសចរណ៍ដែលភ្ញៀវទេសចរអាចទទួលយកក្នុងពេលមកលេងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន៕

ដោយ ៖ សិលា


ចែករំលែក៖