ព័ត៌មានទាន់ហេតុការណ៍៖

ចុះ​បង្ក្រាប​ទី​តាំងសង្ស័យ​លួច​លាក់​នាំ​ចូល​ ស្កុក​-​ចែក​ចាយ​ផលិតផល​ទឹក​ដោះ​គោជូររំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​​​បានចុះស្រាវជ្រាវ​រហូតឈានដល់ការបង្ក្រាប​ទី​តាំងសង្ស័យ​លួច​លាក់​នាំ​ចូល​ ស្កុក​-​ចែក​ចាយ​ផលិតផល​ទឹក​ដោះ​គោជូររំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​។ 

បេីតាមការ​បញ្ជាក់ពី​លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​បង្រ្កាប​បទល្មើស​ខាងលើ​នេះ​ បានធ្វេីឡេីង​កាលពីថ្ងៃ​ទី​២១ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​ ក្រោយ​ពី​ទទួល​បាន​​ពាក្យ​បណ្ដឹង​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី និង​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ ស៊ិន​ វិសុទ្ធ ​ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​​​ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងកា​រនគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ចាត់​តាំង​​លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផា​ប្ញទ្ធិ​ ស្នងការ​រងទទួល​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​​លោក​វរសេនីយ៍ឯក​ រស់​ អៀម​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ ដឹក​នាំ​កម្លាំងជំនាញប្រតិបត្តិការ​​ចុះ​បង្ក្រាប​ទី​តាំង​១កន្លែង​សង្ស័យ​លួច​លាក់​នាំ​ចូល​ ស្តុក​ និង​ចែក​ចាយ​ផលិតផល​ទឹកដោះ​​គោ​ជូរ​ម៉ាក Dutch Mill​ ដែល​រំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​យូរ​ អិន​ ធី​ហូលសេល​ ខូអិលធីឌី​ នៅ​ទីតាំង​១កន្លែង​ស្ថិត​នៅ​ភូមិ​ប៉ោយប៉ែត​ សង្កាត់​អូជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានបញ្ជាក់ទៀតថា ៖ ក្នុងប្រតិបត្តិការនេះ កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ជាក់​ស្ដែង​ក្នុង​ទីតាំង​រក​ឃើញ​ និង​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​ នូវ​ប្រភេទ​ទឹក​ដោះ​គោ​ជូរម៉ាក​ Dutch Mill (ចម្រុះ​) ចំនួន ​១៥៤កេស (កេស​ក្រដាស់​បិទ​ស្កុត​ផ្លុំ​បេ) ​យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដើម្បីអនុវត្ត​​នីតិវិធីបន្ត​៕

ដោយ​៖ តារា​


ចែករំលែក៖