ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជធានីភ្នំពេញបច្ចុប្បន្នមានការរីកចម្រើនជឿនលឿនខ្លាំងក្លា

ចែករំលែក៖

ប្រទេសអូស្ត្រាលី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលគ្មានគោលនយោបាយលើកទីក្រុងភ្នំពេញទៅកាន់ទីតាំងផ្សេងនោះទេ។ 

សម្ដេចថា ៖ បច្ចុប្បន្ននេះរាជធានីភ្នំពេញមានភាពរីកចម្រើនខ្លាំងណាស់ ទាំងនៅប៉ែកខាងកើតទន្លេមេគង្គ និងប៉ែកខាងជើងក៏កំពុងចាប់ផ្កើមរីកចម្រើនជាបណ្តើរៗ ហើយពីមុនឱ្យតែតំបន់ណាមានការអភិវឌ្ឍ គឺត្រូវកាត់ចូលរាជធានីភ្នំពេញ ដែលធ្វើឱ្យខេត្តកណ្តាលកាន់តែរួមតូចទៅៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាទីក្រុងមែលប៊ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធគឺរាជរដ្ឋាភិបាលនៅបន្តធ្វើបន្ថែមទៀត ពីព្រោះសុខសន្តិភាពយើងមាន ស្ថិរភាពយើងមាន ហើយយើងនឹងនៅបន្តបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្របន្តទៀត នៅលើទឹកដីអង្គររបស់កម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ 

នេះជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា។នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមថវិកាជិត១០០លានដុល្លារសម្រាប់អនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយគ្របដណ្តប់ប្រជាជនកម្ពុជាចំនួន៩លាននាក់។

សម្តេចធិបតី មានប្រសាសន៍ថា ៖  ការដាក់ចេញគោលនយោបាយនេះយើងត្រៀមថវិកាក្បែរ១០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយ ហើយក្នុងគោលដៅរបស់យើង ធ្វើម៉េចត្រូវគ្របដណ្តប់ប្រជាជនចំនួន៩លាននាក់ឱ្យមាន SOCIAL SECURITY( សន្តិសុខសង្គមសម្រាប់សុខាភិបាល)»។ 

បើតាមសម្តេចធិបតី គោលនយោបាយនេះអនុវត្តសម្រាប់ប្រជាជនក្រីក្របំផុត ដោយមិនមានការបង់វិភាគទានដោយរដ្ឋចេញថ្លៃ១០០ភាគរយលើសេវាព្យាបាល ខណៈបច្ចុប្បន្នមានប្រជាជនចំនួន៤៩ម៉ឺនគ្រួសារ ហើយប្រជាជនចំនួន១លាន៨សែននាក់ទទួលបានផល។ ជាមួយគ្នានេះអនុវត្តសម្រាប់អ្នកទទួលបន្ទុកក្នុងសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុកដោយបង់វិភាគទាន១៥ ៦០០រៀលក្នុងមួយខែ។ បើតាមសម្តេចធិបតី ពលរដ្ឋចំនួន២លាននាក់ហើយដែលចូលជាសមាជិក ប.ស.ស។សម្តេចធិបតីថ្លែងថា៖«នៅក្នុងជំហានមួយ យើងចង់បាន៩លាននាក់ គាត់លែងភ័យព្រួយនៅក្នុងពេលឈឺស្កាត់ រដ្ឋជួយផង យើងមានកម្មវិធីដែលគាត់ចូលផង នេះជាការងារសំខាន់ដើម្បីជួយដល់ប្រជាពលរដ្ឋយើងមានសុខភាពល្អ នេះជាគោលការណ៍ដែលយើងដាក់ចេញ»។ 

គូសបញ្ជាក់ថា ៖ រដ្ឋាភិបាលកម្ពុជាបានដាក់ដំណើរការជាផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំងសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖