សារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានជ្រើសរើសជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសថៃ បន្ទាប់ពីលោកត្រូវបានដោះលែងឱ្យមានសេរីភាពពីការឃុំឃាំង។
ការស្ទង់មតិថ្នាក់ជាតិធ្វើឡើងដោយវិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល (National Institute of Development Administration) លើអ្នកចូលរួមសម្ភាសន៍ចំនួន ១៣១០នាក់ បានបង្ហាញថា អ្នកចូលរួមក្នុងការស្ទង់មតិនេះជិត២២ភាគរយបានជ្រើសរើសលោក Thaksin ជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ថៃ ខណៈនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ គឺលោក Srettha Thavisin មកពីគណបក្សភឿថៃគាំទ្រដោយលោក Thaksin ឈរនៅជម្រើសទី២ ដោយអ្នកចូលរួម១៧.៤ភាគរយបានជ្រើសរើសរូបលោក។
លោក Thaksin ត្រូវបានដោះលែងពីការឃុំឃាំង កាលពីខែកុម្ភៈកន្លងទៅ បន្ទាប់ពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ បានផ្ដល់ការអនុគ្រោះពិសេសឱ្យលោកមានសេរីភាពមុនកំណត់ ក្រោមហេតុផលមានវ័យចំណាស់ និងមានជំងឺប្រចាំកាយ។ អតីតនាយករដ្ឋមន្ត្រីដឹកនាំប្រទេសបាន ២អាណត្តិរូបនេះត្រូវបានតុលាការថៃផ្ដន្ទាទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទពុករលួយ។ លោកត្រូវបានឃាត់ខ្លួនក្រោយត្រឡប់ចូលប្រទេសថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំ។ តែទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹមមួយឆ្នាំវិញ។
បើតាមការស្ទង់មតិខាងលើដដែល លោក Pita Limjaroenrat អតីតមេដឹកនាំគណបក្ស Move Forward ដែលទទួលបានអាសនៈភាគច្រើនក្នុងសភា ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា ឆ្នាំ២០២៣ ឈរនៅលេខរៀងទី៣ ជាមួយសំឡេងគាំទ្រ ១៥.១ភាគរយ ក្នុងនាមជាអ្នកនយោបាយមានឥទ្ធិពលក្នុងប្រទេសថៃ៕
ដោយ៖ ធីរីណា(រូបថត៖ AFP)