ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលជា ព្រឹត្តិការណ៍សកល ហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំយុទ្ធនាការ ទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាព អង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ខ្ញុំនិងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយឥតឧបមាចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការដោយសេចក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមសម្តេច បានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរតរៀងទៅ។

នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលត្រូវបានចាត់ទុកថា ជាកាលានុវត្តភាពនិងកាតាលីករថ្មីមួយសម្រាប់ការសម្រេចបាននៅសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយបរិយាបន្ន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទ សន្និបាតរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រសួង កិច្ចការនារី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដោតការយកចិត្តទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យឌីជីថល និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ក្នុងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាល ផ្តោតលើ ការកសាងសសរស្ដម្ភចំនួន៣សំខាន់ៗគឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាល ឌីជីថល និងធុរកិច្ចឌីជីថល។ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ ក៏បានកំណត់អំពីការអភិវឌ្ឍធនធានមនុស្សដោយកំណត់ និស្សិតសាកលវិទ្យាល័យ៥០% ត្រូវបញ្ចប់ការសិក្សាក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនៅក្នុងនោះមាននិស្សិត៤០% ជាស្ត្រីនៅត្រឹមឆ្នាំ២០៣០។

ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោម ប្រធានបទ « ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃ ការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈសំខាន់ដែលមាន សក្តានុពលនិងកាលានុវត្តភាពក្នុងការជំរុញផលិតភាពសេដ្ឋកិច្ចនិងសង្គម ការផ្តោតការយកចិត្តទុកដាក់លើការធានា ឱ្យបាននូវការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រព័ន្ធអេកូឡូស៊ី នៃសេដ្ឋកិច្ចនិងសង្គមឌីជីថលកាន់តែមានសក្តិសិទ្ធិភាព ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល ដោយផ្តោតលើការ ផ្តល់សេវាគ្រប់ប្រភេទ ដែលមានលក្ខណៈងាយស្រួលនិងកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅធ្វើឱ្យជីវភាពរស់នៅ របស់ស្ត្រីនិងក្មេងស្រី ព្រមទាំងគ្រួសារមានភាពល្អប្រសើរឡើងនិងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ ភាពក្រីក្រនិងភាពងាយរងគ្រោះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយថែរក្សា អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា ៕

ដោយ ៖ សិលា


ចែករំលែក៖