ព័ត៌មានទាន់ហេតុការណ៍៖

ទន្លេមេគង្គជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក ដែលជាទីជម្រកដល់សត្វជាង ១,១៤៨ប្រភេទ​ នឹងមានជីវចម្រុះច្រើនបំផុត

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរយរបាយការណ៍សង្ខេបមួយក្រោមការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិកបានបង្ហាញពីស្ថានភាពដ៏រសើបនៃជីវចម្រុះនៅក្នុងទន្លេមេគង្គ។ ” The Mekong’s Forgotten Fishes ” ត្រូវបានបោះពុម្ពផ្សាយដោយ  Wonders of the Mekong ជាមួយអង្គការ WWF-Cambodia ដើម្បីអបអរចំពោះប្រភេទសត្វអស្ចារ្យមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គ ប៉ុន្តែក៏មានការព្រមានអំពីការធ្លាក់ចុះរបស់ពួកវាផងដែរ។

      តាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឱ្យដឹងនៅថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២៤នេះ​ ថា ទន្លេមេគង្គជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយទីជម្រកដល់សត្វជាង ១,១៤៨ប្រភេទ និងកជាទន្លេដែលមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក ហើយទន្លេនេះជួយសម្រួលការផ្លាស់ទីប្រចាំឆ្នាំដល់ត្រីប្រហែល ៥ពាន់លានក្បាល។ ដំណើរដ៏អស្ចារ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវាស់ស្ទង់សុខភាពអាងទន្លេមេគង្គ ដែលទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៤០លាននាក់ និងគាំទ្រដល់ការនេសាទទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ ក៍ប៉ុន្ដែរបាយការណ៍នេះក៍បង្ហាញពីស្ថានភាពដ៏គួរឱ្យបារម្ភផងដែរ។​    

       សព្វថ្ងៃនេះ ត្រីទន្លេមេគង្គមួយក្នុងចំណោម ៥ប្រភេទ ប្រឈមនឹងការផុតពូជ។ ការបាត់បង់ទីជម្រក ទំនប់វារីអគ្គីសនី ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងទៀតបានបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនត្រីក្នុងតំបន់។ ចំនួនត្រីមួយចំនួនបានធ្លាក់ចុះយ៉ាងឆាប់រហ័សរហូតដល់៨៨ភាគរយ ហើយផលវិបាករបស់វាធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង។

    USAID បានឱ្យដឹងដែរថា​ តាមរយៈការផ្តល់អាទិភាពក្នុងកិច្ចការពារត្រី និងក៏ដូចជាក្នុងការបង្កើតគោលនយោបាយ និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន នោះគេជឿជាក់ថានឹងអាចជួយផ្លាស់ប្តូរ នៃការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ីដែលមានតែមួយប្រភេទនេះ ការការពារចំនួនត្រី ប្រវត្តិសាស្រ្តក្នុងតំបន់ និងជីវភាពផ្ទាល់ខ្លួន។

       ក្រៅពីនេះដែរតាមរយៈការពួតដៃគ្នាគេក៏អាចនឹងការពារ និងស្តារទន្លេមេគង្គឡើងវិញ ដោយធានាបាននូវការរស់រានមានជីវិត និងភាពរុងរឿងនៃធនធានទឹកសាបដ៏វិសេសវិសាលរបស់ទន្លេមេគង្គ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖