ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ក្រោមអធិបតីភាព លោកអគ្គនាយករង ផា អេងវ៉េង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីធុរជនពាក់ព័ន្ធ និងមន្ត្រីគយនិងរដ្ឋាករ សរុបចំនួន ១៥៤នាក់ ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងក្រើនរំលឹកដល់ធុរជននាំចូលសាច់បង្កក និងមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច អំពីវិធានការរបស់រាជរដ្ឋាភិបាលស្តីពីការផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ខែ លើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលវិធានការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ ។ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានពន្យល់ជូនអង្គសិក្ខាសាលា នូវមុខទំនិញជាក់លាក់ អមដោយរូបភាព និងលេខកូដ ដែលត្រូវបានចាត់ទុកជាប្រភេទ “គ្រឿងក្នុងនិងបំណែកសាច់សត្វ” ហើយដែលជាកម្មវត្ថុនៃការហាមឃាត់នាំចូលបណ្តោះអាសន្ន ។
ទន្ទឹមនេះ អង្គសិក្ខាសាលាក៏បានស្តាប់នូវការបញ្ជាក់បន្ថែមនូវខ្លឹមសារអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលការនាំចូល/នាំចេញ ទំនិញដែលមានចែងក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ តម្រូវឱ្យមានអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នជំនាញ ។
មន្ត្រីគយ និង រដ្ឋាករបានជម្រាបជូនអង្គសិក្ខាសាលាថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងអនុវត្តវិធានការហាមឃាត់ជាបណ្ដោះអាសន្ននេះដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសកម្ម ហើយសង្កត់ធ្ងន់ថា បទល្មើសលើវិធានការនេះនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ៕
ដោយ ៖ សិលា