ព័ត៌មានទាន់ហេតុការណ៍៖

នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ត្រូវបានកម្លាំងនគរបាលខេត្ដព្រះសីហនុ បើកប្រតិបត្ដិការបង្ក្រាប ឃាត់ខ្លួនមនុស្សជិត៩០នាក់ ដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ កម្លាំងនគរបាលខេត្ដព្រះសីហនុ បើកប្រតិបត្ដិការបង្ក្រាប នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» មួយកន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់ និងចាប់យកថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ។

ក្នុងប្រតិបត្តិការនេះ មានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ ដើម្បីលុបបំបាត់បទល្មើសផ្សេងៗ តាមគោលការណ៍ របស់រាជរដ្ឋាភិបាល ។ 

សូមបញ្ជាក់ថា ៖ ការចុះប្រតិបត្ដិការបង្ក្រាប នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ដព្រះសីហនុ ព្រមទាំងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ៖ កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០១៖៤៥នាទីព្រឹក បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយីម៉ៃទូ» (KTV &BAR) ១ទីតាំង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់។

ក្នុងនោះវត្ថុតាងចាប់យករួមមាន៖ ម្សៅសថ្លាសង្ស័យសារធាតុញៀន១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀន៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន២កញ្ចប់, ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត, កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀន១០កញ្ចប់, រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង, សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់ ជាមួយការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ ។ 

សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងគ្រួសារអ្នក ! គាំទ្រ រាជរដ្ឋាភិបាលបានយកចិត្តទុកខ្លាំង ក្នុងការជម្រុញដល់ស្ថាប័ន ពាក់ព័ន្ធ បង្ក្រាបបទល្មើស ឱ្យអស់ពីសង្គម ! ដើម្បីឱ្យមានការរីកចម្រើន កើនធនធានមនុស្ស ដែលជា សរសរទ្រូង នៃប្រទេសជាតិនោះ៕

ដោយ ៖ សុខា សែនជ័យ


ចែករំលែក៖