ភ្នំពេញ ៖ អំពើឆបោក គំនិតទុច្ចរិត របស់ជនខិលខូច នៅតែបន្តប្រព្រឹត្តបំពានច្បាប់ ដើម្បីតែលុយ ! ជាក់ស្តែងមានជនអនាមិកយករូបភាពរបស់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន លួចបង្កើតគណនី Telegram ក្លែងក្លាយ, សូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់ការបោកប្រាស់ !
សូមបញ្ជាក់ថា ៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសថា មានជនអនាមិកបានលួចបង្កើតគណនី Telegram ក្លែងក្លាយរបស់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន យកទៅប្រើប្រាស់ក្នុងបំណងទុច្ចរិត។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន កុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ ផ្សេងៗ របស់ជនខិលខូចទាំងនោះ។
លោក មាស សុខសេនសាន បញ្ជាក់ថា ៖ «សូមជម្រាបជូនដំណឹង ដល់សាធារណជនជ្រាបថា មានជនអនាមិក បានបង្កើតគណនីតេលេក្រាម ក្លែងក្លាយរបស់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ហើយប្រើប្រាស់ក្នុងបំណងបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ ។ សូមបងប្អូន ពូមីង លោកតា លោកយាយ មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ »។
សូមរម្លឹកថា ៖ អង្គភាពនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយណែនាំ ជាញឹកញាប់ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះ ការឆបោក តាម ប្រព័ន្ធ Telegram Facebook បន្ទាប់ពីមានជនខិលខូច យករូបថ្នាក់ដឹកនាំ ដាក់ជាប្រូហ្វាល់ ដើម្បីប្រព្រឹត្តអំពើឆបោកនោះ ហើយសមត្ថកិច្ចក៏ស្រាវជ្រាវចាប់ខ្លួនបានបន្តបន្ទាប់ ៕
ដោយ ៖ សិលា