ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរីកចម្រើន នោះប្រទេសជាតិ ក៏កាន់តែជឿនលឿន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ និងក្រសួង ស្ថាប័ន បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានថ្នាលឌីជីថលគន្លឹះ និងឌីជីថលសម្រាប់គាំទ្របរិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងនោះមានថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល Verify.com.kh បានទទួលពាន់រង្វាន់ស្នាដៃមាសកាលពេលថ្មីៗនេះ និងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣»។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឲ្យកត់សម្គាល់ ហើយវិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់ ៕

ដោយ ៖ សិលា


ចែករំលែក៖