ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលរូបនីយកម្មនៅកម្ពុជា បានបោះជំហានក្នុងល្បឿនមួយយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ជាពិសេសវិបត្តិជំងឺកូវីដ-១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែមានសន្ទុះខ្លាំងជាងពេលណាៗទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ដើម្បីកសាងសង្គមស៊ីវិល័យដែលពលរដ្ឋអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន និងភាពជឿទុកចិត្តបាន សុវត្ថិភាពខ្ពស់ ព្រមទាំងរក្សាបានអត្តសញ្ញាណវប្បធម៌ជាតិ។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, គណៈកម្មាធិការរដ្ឋបាលឌីជីថល និងក្រសួងស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថ្នាល់ឌីជីថលគន្លឹះ និងកម្មវិធីឌីជីថលសម្រាប់គាំទ្របដិវត្តន៍កម្មឌីជីថល នៅគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បី ឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ៕
ដោយ ៖ សិលា