ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ តេជោសែន កោះធំ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស ច្បាស់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផល ពិតជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិននៅតែលើក្រដាស ឬ ផែនការនោះទេ គឺដើម្បីបម្រើដល់ផលប្រយោជន៍ ចំពោះមុខរបស់ប្រជាពរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ តេជោសែន កោះធំ ដែលជាមន្ទីរពេទ្យកម្រិត CPA 3 ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់ ឧបករណ៍ វេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមកម្រិតស្តង់ដា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពប្រជាជន ក្នុងការផ្តល់សេវាសុខាភិបាល ច្រើនប្រភេទ ដូចជាសេវាពិគ្រោះជំងឺ សេវាអប់រំលើកកម្ពស់សុខភាព និងបង្ការជំងឺ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ ។ ផ្អែកតាមទីតាំងភូមិសាស្ត្រ មន្ទីរពេទ្យនេះ អាចធ្វើការផ្តល់សេវា សុខាភិបាល ជូនប្រជាពលរដ្ឋប្រមាណ ៦០ ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ។
មានប្រសាសន៍ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទចំពោះ សមិទ្ធផលដ៏ថ្មីស្រឡាងនេះ សម្រាប់ជូនដល់ប្រជាជនក្នុងខេត្តកណ្តាល នាទិសនិរតី នៃកម្ពុជា ក៏ដូចជា ទូទាំងប្រទេស ក្រោមគោលដៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបង្ខិត សេវាសុខាភិបាល រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ក្រុមគ្រូពេទ្យជំនាញ និងសម្ភារបរិក្ខាប្រកបដោយគុណភាព ទៅដល់មូលដ្ឋានរបស់ប្រជាជន ដើម្បីលើកកម្ពស់សេវាពិនិត្យ ព្យាបាល និងការពារអាយុជីវិតប្រជាជន ឱ្យកាន់តែល្អប្រសើរ ។ ការណ៍នេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សច្បាស់ផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផលពិតជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិនមែនមាននៅតែលើក្រដាស ឬនៅតែក្នុងផែនការនោះទេ គឺកសាងសមិទ្ធផលជាក់ស្តែងដើម្បីបម្រើដល់ ផលប្រយោជន៍ចំពោះមុខរបស់ប្រជាពលរដ្ឋ ។ សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ នឹងមិនអាចកើតមាន នោះឡើយ ប្រសិន បើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ។ កត្តាទាំងនេះ បានរុញច្រានឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលមួយផងដែរ ដោយយើងអាចមើលឃើញ តាមរយៈការកើនឡើងនៃការទទួលបានសេវាថែទាំ សុខភាព, ការពង្រីក ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, និង ភាពប្រសើរឡើងនៃសុខភាពសាធារណៈរបស់កម្ពុជា ដែលបាន ធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព និងគុណភាពជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរ ឡើងជាលំដាប់ ។
សម្តេចធិបតី ក៏បានធ្វើការគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស ដែលជា លក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និងភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និងគុណភាពខ្ពស់ គឺជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្ដោតលើ សម្រាប់ការអភិវឌ្ឍ មូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាល មកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ។ ដើម្បី ឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តភ្លាមៗនូវកម្មវិធី គោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺ ការផ្តល់ការថែទាំ សុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈ (១) ការពង្រីកការគ្របដណ្តប់នៃកម្មវិធី មូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១៥ លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ ២០២៣ និង (២) ការពង្រីករបបថែទាំ សុខភាពនៃបេឡាជាតិសន្តិសុខសង្គម (បស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣ លាននាក់ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវា សុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ទី១. ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែក ទី២.
ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រង ធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយតកម្ម និងការឆ្លើយតបទៅនឹងការគម្រាមកំហែងសុខភាព សាធារណៈនិងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង ទី៣. ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន ដើម្បីធានាឱ្យប្រជាជន ទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ចុះមូលដ្ឋានគ្រប់យន្តការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ, និង អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន មកពីគ្រប់ទិសទី ក្នុងការកៀរគរប្រភពថវិកា ការសម្របសម្រួលសម្រាប់ដំណើរការ សាងសង់ និងការជួយជ្រោមជ្រែងសម្រាប់លក្ខណៈបច្ចេកទេស ដែលបានបង្ហាញស្មារតីរួបរួមគ្នា ដើម្បី ធ្វើឱ្យមន្ទីរពេទ្យ តេជោសែន កោះធំ លេចចេញជារូបរាងឡើង ក៏ដូចជា ដែលបាននិងកំពុងរួមចំណែក យ៉ាងសំខាន់ដល់វឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា ៕
ដោយ៖ តារា