ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ក្នុងខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ហើយ មកដល់ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់ សុខុមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ច សហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យ អស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

       លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិ បាល រាជធានីភ្នំពេញ បាន​ឱ្យដឹងនៅថ្ងៃ១៣ ខែមីនា ឆ្នាំ២០២៤នេះថា​ ៖ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ គិតដល់ថ្ងៃទី១២ខែមីនា​ ឆ្នាំ​២០២៤ ក្រុមការងារ ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មុសខ្លា ដែលប្រឈមជំងឺគ្រុនឈាមនោះគឺ អនុវត្តបានបញ្ចប់ទាំង១០៥ សង្កាត់ក្នុង១៤ខណ្ឌ​ ទូទាំងរាជធានីភ្នំពេញ ។

       ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោក ងី មានហេង  បានអំពាវនាវ ឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នា លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

   សូមបញ្ជាក់ថា៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅរាជធានីភ្នំពេញទាំង១០៥សង្កាត់ ក្នុងខណ្ឌទាំង១៤បានចាប់ផ្ដើមកាលពីថ្ងៃ២៣កុម្ភៈហើយបានបញ្ចាប់នៅថ្ងៃទី១២មីនា២០២៤។

      ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន ដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ យើងត្រូវដាក់ថ្នាំអាបែតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំ ណែកទុបស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕ .

ដោយ ៖ សំរិត


ចែករំលែក៖