ខេត្តកណ្តាល ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យកបញ្ចកោណទី១ ជាអាទិភាព គឺមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងភាពធន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ មូលធនមនុស្សមានសុខភាពល្អ និងគុណភាពខ្ពស់គឺជាទ្រព្យសកម្មដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ដែលរាជរដ្ឋាភិបាលបានផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការកាត់បន្ថយអត្រាឈឺ ស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារនិងមាតា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ កត្តាមនុស្ស គឺជាអ្នកការពារ និងអភិវឌ្ឍទឹកដីរបស់យើង មនុស្សជាអ្នកបង្កើតវប្បធម៌ ជាអ្នកថែរក្សាប្រពៃណី ដូច្នេះមនុស្ស គឺជាកត្តាធំណាស់ដែលធ្វើឱ្យប្រទេសជាតិយើងបានរីកចម្រើនទៅមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា បើយើងនិយាយពីកត្តាមូលធនមនុស្ស គឺត្រូវផ្តោតទៅលើកត្តាចំនួន២ទៀត នោះគឺ សុខភាព និងសមត្ថភាព ដែលចំណុចនេះហើយពាក់ព័ន្ធទៅដល់វិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះ ការអប់រំនិងសុខាភិបាល គឺជាកត្តាចាំបាច់សម្រាប់ពង្រឹងជាតិមួយទៅបាន។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទចំពោះសមិទ្ធផលដ៏ថ្មីស្រទ្បាងនេះ សម្រាប់ជូនដល់ប្រជាជនក្នុងខេត្កកណ្តាល នាទិសនិរតី នៃកម្ពុជា ក៏ដូចជាទូទាំងប្រទេស ក្រោមគោលដៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ក្រុមគ្រូពេទ្យជំនាញ និងសម្ភារបរិក្ខាប្រកបដោយគុណភាព ទៅដល់មូលដ្ឋានរបស់ប្រជាជន ដើម្បីលើកកម្ពស់សេវាពិនិត្យ ព្យាបាល និងការពារអាយុជីវិតប្រជាជនឱ្យកាន់តែល្អប្រសើរ ។ ការណ៍នេះ ក៏បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សច្បាស់ផងដែរថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងកសាងសមិទ្ធផលពិតជាក់ស្តែងនៅលើដី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ មិនមែនមាននៅតែលើក្រដាស ឬនៅតែក្នុងផែនការនោះទេ គឺកសាងសមិទ្ធផលជាក់ស្តែងដេីម្បីបម្រើដល់ផលប្រយោជន៍ចំពោះមុខរបស់ប្រជាពលរដ្ឋ ។ សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ នឹងមិនអាចកើតមាននោះឡើយ ប្រសិន បើកម្ពុជាពុំមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ៕
ដោយ ៖ សិលា