ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់កងការពារព្រំដែនលេខ៥០២ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២។
មានប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានធ្វើការកោតសរសើរដល់កម្លាំង កងការពារព្រំដែនលេខ៥០២ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន រួមមាន៖ ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានសំណូមពរដល់មេបញ្ជាការ មេបញ្ជារការរង នាយទាហាន នាយទាហានរង ពលទាហាន កងការពារព្រំដែនលេខ៥០២ សម្រាប់ទិសដៅឆ្នាំ២០២៤ បន្តធានាឲ្យបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រចាំតាមបទបញ្ជាចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ ជួយប្រមូលផលប្រជាពលរដ្ឋ និង ចូលរួមភូមិ ឃុំ មានសុវត្ថិភាព។
មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ក៏បានផ្តាំផ្ញើកងទ័ពក្នុងកងការពារព្រំដែនលេខ៥០២ ត្រូវយកចិត្តទុកដាក់នូវចំណុចដូចខាងក្រោម៖
១.លើកកម្ពស់មនសិកាស្នេហាជាតិ ស្នេហាប្រជាជន និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
២.ពង្រឹងចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងឆន្ទៈ និងសកម្មភាពឱ្យបានរឹងមាំគ្រប់កាលៈទេសៈ។
៣.លើកកម្ពស់ស្មារតីសិក្សាស្វែងយល់ បង្កើនបានចំណេះដឹង ចំណេះធ្វើ ចូលរួមអភិវឌ្ឍធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។
៤.បែងចែកតួនាទីភារកិច្ចដឹកនាំ ជូនមេបញ្ជាការគ្រប់ជាន់ថា្នក់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
៥.ត្រូវបន្តអនុវត្តម៉ឹងម៉ាត់ ៥ខ្លឹមសារប្រឡងប្រណាំងរបស់កងទ័ពជើងគោក ជាសកម្មភាពជាក់ស្ដែងក្នុងការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
៦.កែទម្រង់ស៊ីជម្រៅរបៀបរបបការងារ តាមអភិក្រមទាំង៥ «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»។
ជាចុងបញ្ចប់ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានអញ្ជើញ បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀលផងដែរ៕
ដោយ ៖ សិលា