ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ពិនិត្យឃើញថា មានការផ្សព្វផ្សាយទាក់ទាញប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប រួមមានបណ្តាញសង្គម ហ្វេសប៊ុក និងក្រុមតេលេក្រាម ដើម្បីឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដោយសន្យាផ្តល់មកវិញនូវអត្រាការប្រាក់ និងឬប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ដែលសកម្មភាពទាំងនេះពុំមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ក្រុមឧក្រិដ្ឋជនបានបង្កើតក្រុមតេលេក្រាមក្លែងក្លាយ ឬប្រើប្រាស់ បច្ចេកវិទ្យាទំនើបដោយក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ស្ថាប័ន និងក្រុមហ៊ុន ដែលមាន អាជ្ញាប័ណ្ណស្របច្បាប់នានា ដើម្បីបម្រើឱ្យសកម្មភាពផ្សព្វផ្សាយក្នុងបណ្តាញសង្គម។
កន្លងមកមានប្រជាពលរដ្ឋបានរងគ្រោះ ដោយសារការដាក់ប្រាក់ក្នុងគម្រោងវិនិយោគខុសច្បាប់ទាំងនេះ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាច្រើន។ ទន្ទឹមនេះក៏បានបង្កឱ្យមានការភាន់ច្រឡំជាមួយក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ ព្រមទាំងបង្កការរំខានដល់ការវិនិយោគ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទម្រង់នៃការប្រមូលមូលនិធិតាមរូបភាពបែបនេះ ជាសកម្មភាពខុសច្បាប់ និងជាអំពើឆបោកដែល មានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែប្រសិនបើការប្រមូលមូលនិធិធ្វើឡើងដើម្បីយកទៅ វិនិយោគលើគម្រោងណាមួយច្បាស់លាស់ គឺតម្រូវឱ្យមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា បើពុំដូច្នេះទេត្រូវចាត់ទុកជាអាជីវកម្មនៃគម្រោងវិនិយោគរួមដោយខុសច្បាប់ ដូចមានចែងនៅក្នុងច្បាប់ស្តីពីការ បោះផ្សាយ និងការជួញដូរមូលបត្រមហាជន។
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើនកិច្ចសហការក្នុងការប្រមូល ព័ត៌មាន និងបន្តឃ្លាំមើលការអនុវត្តទាំងឡាយដែលគ្មានការអនុញ្ញាត ឬពុំមានអាជ្ញាប័ណ្ណស្របច្បាប់ ពិសេស ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីសម្រួលដល់ការអនុវត្តសកម្មភាពល្មើសច្បាប់តាមគ្រប់រូបភាពសំដៅរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបតាមយន្តការច្បាប់ដែលមានជាធរមាន។
និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមក្រើនរម្លឹក និងអំពាវនាវដល់ សាធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការដាក់ប្រាក់វិនិយោគតាមអនឡាញជាមួយគម្រោង គ្មានការអនុញ្ញាត ឬខុសច្បាប់ទាំងនោះ។ ករណីមានការសង្ស័យ ឬចាញ់បោកដោយសារការដាក់ប្រាក់ទាំងនោះ សូមរួសរាន់ផ្តល់ព័ត៌មានជាបន្ទាន់ ឬដាក់ពាក្យបណ្ដឹងមកអគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈគេហទំព័រផ្លូវការ https://hotline.police.gov.kh ឬ Hotline ១១៧ ឬទំនាក់ទំនងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការដ្ឋាននគរបាលជាតិតាមទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ ឬទំនាក់ទំនងមកនិយ័តករមូលបត្រកម្ពុជា តាមសារអេឡិចត្រូនិច investigation@serc.gov.kh ឬទូរស័ព្ទលេខ ០១១ ៨៤៧ ៧៧៩ (តេលេក្រាម)។
អាជ្ញាធរមានសមត្ថកិច្ចសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងយកស្មារតីនៃសេចក្តីថ្លែងការណ៍ រួមនេះទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងធ្វើការវិនិយោគប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ៕
ដោយ ៖ សិលា