ភ្នំពេញ ៖ នារយៈពេល៦ថ្ងៃ នៃសប្ដាហ៍កន្លងមកនេះ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌដែលកើតឡើងសរុបចំនួន៦៤ករណីនៅទូទាំងប្រទេស កម្លាំងនគរបាលជាតិប្រតិបត្តិការបង្ក្រាបបានដល់ទៅ៥៨ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
បើតាមលោកទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនោះ នគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៨១នាក់ ខណៈបទល្មើសដែលពួកគេបានប្រព្រឹត្តរួមមាន អំពើហិង្សា២៥ករណី លួច១៨ករណី ឆក់២ករណី ប្លន់២ករណី ឃាតកម្ម២ករណី និងករណីឆបោក២ករណី។
ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គឺជាភារកិច្ចស្នូលរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសនគរបាលជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកភារកិច្ចនេះជាការងារអាទិភាពត្រូវយកចិត្តទុកដាក់ចាប់ពីដើមនីតិកាលមក។
ជាការកត់សម្គាល់ នាពិធីបិទសន្និបាតក្រសួងមហាផ្ទៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានរំលឹកប្រកបដោយភាពម៉ឺងម៉ាត់ឱ្យក្រសួងមហាផ្ទៃ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានជោគ័យ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
ក្នុងចំណោមលក្ខណសម្បត្តិគោលចំនួន៧ចំណុច គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានកំណត់ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស អំពើហិង្សា និងក្មេងទំនើងជាដើម នៅក្នុងភូមិ ឃុំ សង្កាត់៕
ដោយ ៖ តារា