ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងបរិស្ថានយកចិត្តទុកដាក់ចំពោះការការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប

ចែករំលែក៖

ភ្នំពេញ៖ ការការពារព្រៃឈើ និងធនធានធម្មជាតិ គឺការងារអាទិភាពបំផុត ដែលក្រសួងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារដើម្បីទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់។ នេះជាការថ្លែងឡើងរបស់បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD  នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD បានជម្រាបជូនលោករដ្ឋមន្រ្តីដោយសង្ខេបអំពី៖ ប្រតិបត្តិការផ្កាយរណបសង្កេតផែន ដីចំនួន ៤០គ្រឿងក្នុងគន្លងតារាវិថី ដែលមានវិសាល ភាពទូលំទូលាយបំផុតក្នុងការទទួលបាននូវរូបភាពផ្កាយរណប និងការផលិតផលទិន្នន័យពីផ្កាយរណប។  ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត។

ឆ្លើយតបនឹងការលើកឡើងនេះ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD  ដែលមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួង បរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា លើការគ្រប់គ្រងទិន្នន័យដែលបញ្ចូនចេញពីផ្កាយរណប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា។  ជាក់ស្តែងក្រសួងបរិស្ថានបានប្រើប្រាស់រួចទៅហើយ ចំពោះការពិនិត្យ តាមដាន និងវិភាគព័ត៌មានតាមរយៈទិន្នន័យដែលទទួលបានផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។

ទន្ទឹមគ្នានេះរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានផ្តល់ឱកាសឱ្យទៅអ្នកជំនាញរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលំអិតអំពីប្រសិទ្ធភាពនៃគម្រោង ដើម្បីជំរុញការងារគ្រប់ គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទេ្វដង ធានាឱ្យបាននូវផល ប្រយោជន៍ជូនចំពោះប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

ដោយ៖ សូរិយា


ចែករំលែក៖