ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ CDC ត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី​១៩​ មីនា​ម្សិលមិញ​នេះ​ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដឹកនាំដោយលោក John Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group។ 

ក្នុង​ជំនួប​នេះ​ ក្រុមហ៊ុនដែលអញ្ជើញចូលរួមដើម្បីពិនិត្យស្វែងរកឱកាសវិនិយោគនៅកម្ពុជាមានដូចជា ក្រុមហ៊ុន Golden Integrity International Investment Group, ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ។ 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា មានមកពីប្រទេសចិន និងសិង្ហបុរី ចូលជួបពិភាក្សាការងារ ព្រមទាំងស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រនានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោតលើការអភិវឌ្ឍបៃតង។ 

នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះកម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។ កម្ពុជាមានភាពបើកចំហរក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។ 

ក្រៅពីព័ត៌មានសំខាន់ៗជាប្រយោជន៍សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង៕

ដោយ​៖ តារា​


ចែករំលែក៖