ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានជើងទឹករុស្ស៉ីធ្វើសមយុទ្ធនៅសមុទ្រជប៉ុន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមនាវាមកពីកងនាវាប្រចាំតំបន់ប៉ាស៉ីហ្វិករបស់យោធារុស្ស៉ីបានធ្វើសមយុទ្ធជើងទឹកដ៏ធំមួយ ដែលរួមមានទាំងការបាញ់គ្រាប់ពិតនៅឯតំបន់ឈូងសមុទ្រ Peter the Great និងសមុទ្រជប៉ុន។
ក្រុមនាវាខាងលើ ដែលរួមមាននាវា the Hero of the Russian Federation Aldar Tsydenzhapov, Gromky និង Sovershenny បានហាត់សមទប់ទល់នឹងការវាយលុកពីដ្រូនរត់លើផ្ទៃទឹកនិងយន្តហោះដ្រូន។ សេចក្តីថ្លែងការណ៍របស់កងនាវារុស្ស៉ីបានឱ្យដឹងថា «តាមផែនការនៃការធ្វើសមយុទ្ធ ក្រុមនាវិកនៃនាវាចម្បាំងទាំងនោះបានហាត់សមអនុវត្តបច្ចេកទេសយុទ្ធសាស្រ្ត សម្រាប់ការប្រយុទ្ធតាមផ្លូវទឹក ជាមួយនាវាចម្បាំងដទៃទៀតដែលដើរតួជាសត្រូវ»។
តំបន់សមុទ្រ The Peter the Great Gulf គឺជាឈូងសមុទ្រធំជាងគេនៅសមុទ្រជប៉ុន ដែលស្ថិតនៅចន្លោះប្រទេសរុស្ស៉ីនិងជប៉ុន។ គ្មានការបញ្ជាក់ទេថា តើសមយុទ្ធនេះចាប់ផ្តើម ហើយនឹងបញ្ចប់នៅពេលណានោះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖