ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា តំបន់ជនបទរបស់កម្ពុជា កំពុងរីកចម្រើនពីមួយថ្ងៃទៅថ្ងៃ និងកំពុងឈានឆ្ពោះ ទៅរកភាពស៊ីវិល័យលើគ្រប់វិស័យ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង។
-សម្ដេចធិបតី ថ្លែងថា ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ ជាគន្លឹះសម្រាប់ធានាចីរភាព និងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុង និងជនបទ ដើម្បីកុំឱ្យថ្ងៃអនាគតមានភាពខុសគ្នាឆ្ងាយរវាងតំបន់ទាំងពីរ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលដាក់គោលនយោបាយនានា គឺដើម្បីតែប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា នៅឆ្នាំនេះ សម្ដេចបានអញ្ជើញបិទសន្និបាតក្រសួងជាច្រើន ប៉ុន្តែនៅឆ្នាំ២០២៥ សម្ដេចនឹងផ្ដល់ភារកិច្ចឱ្យឧបនាយករដ្ឋមន្ត្រីអញ្ជើញបិទសន្និបាតទៅតាមក្រសួងពាក់ព័ន្វវិញម្ដង។
-សម្ដេចធិបតី ថ្លែងថា អត្រាប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យនៅជនបទ កើនប្រមាណ៨៥ ភាគរយ។ សម្ដេច គូសបញ្ជាក់ថា អត្រាប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យនៅតំបន់ជនបទ បានកើនប្រមាណ៨៥ភាគរយហើយ ខណៈដែលតំបន់ជនបទ ក៏កំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យថែមទៀត។
-សម្ដេចធិបតី ថ្លែងថា សមិទ្ធផលដែលសម្រេចបានពេលនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយ ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាការប្រឈមវិបត្តិសកលនានា រួមទាំងការកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល។
-សម្ដេចធិបតី ថ្លែងថា ជាក់ស្ដែង នៅតំបន់ជនបទកម្ពុជាសព្វថ្ងៃ បាននិងកំពុងប្រែប្រួល និងផ្លាស់ប្ដូរមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ដែលជាសរសៃឈាមដ៏ការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា ជាក់ស្ដែងអត្រាគ្រប់ដណ្ដប់ការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ ៨៥ភាគរយ ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលនេះ បានជួយបង្កើនប្រាក់ចំណូល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រពលរដ្ឋនៅជនបទ។
-សម្ដេចធិបតី ថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តដាក់ទុកខ្ពស់លើវិស័យអភិវឌ្ឍន៍ជបបទនេះ ដោយធ្វើយ៉ាងណាសម្រេចឱ្យនូវការគ្រប់ដណ្ដប់ទាំងស្រុងលើការប្រើប្រាស់ទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនបន្ថែមទៀត។
-សម្ដេចធិបតី ដាក់បញ្ជាឱ្យក្រសួងអភិវឌ្ឍជនបទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច លើកថវិការសម្រាប់ការថែទាំជួសជុលផ្លូវជនបទឱ្យមានគុណភាពខ្ពស់ ធានាបានការប្រើប្រាស់បានគ្រប់រដូវ ជាពិសេសផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលគឺពង្រឹងគុណភាព៧០% និងពង្រីកការតភ្ជាប់៣០%។
-សម្ដេចធិបតី ដាក់បញ្ជាឱ្យក្រសួងអភិវឌ្ឍជនបទ សហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៤១ ស្ដីពីការបង្កើតគណកម្មការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងគោលដៅការពារផ្លូវថ្នល់សម្រាប់ប្រើប្រាស់យូរអង្វែង។
-សម្ដេចធិបតី បញ្ជាឱ្យក្រសួងអភិវឌ្ឍជនបទ ត្រូវកាត់បន្ថយជាបណ្ដើរៗ នូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកទីក្រុង និងអ្នកជនបទ។
-សម្ដេចធិបតី បានបញ្ជាឱ្យអាជ្ជាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមបង្រ្កាបរថយន្តដឹកជញ្ជូនលើសទម្ងន់គ្រប់ប្រភេទនៅតាមផ្លូវជនបទ។
-សម្ដេចធិបតី បញ្ជាឱ្យអាជ្ញាធរ ត្រូវណែនាំពលរដ្ឋឱ្យបញ្ឈប់សកម្មភាពលប់ប្រឡាយទឹកដែលនៅអមតាមផ្លូវ។
សូមជម្រាបជូនថា ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦។ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទ ដែលមានមុខងារ និងភារកិច្ចសំខាន់ៗដូចជា៖ កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទទូទៅដោយរួមបញ្ចូលទាំងជនជាតិភាគតិចឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង, ចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ៕
ដោយ៖ស តារា