ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីទិសដៅការងារអាទិភាព៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំ ឱ្យក្រសួងអភិវឌ្ឍន៍ជនបទបន្តអនុវត្តទិសដៅការងារចំនួន៤ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារធានាដល់ការបម្រើប្រជាពលរដ្ឋ។

សម្តេចធិបតីមានប្រសាសន៍ថា ៖ ទិសដៅការងារចំនួន ៤ ជាអាទិភាពនោះ រួមមាន ៖

ទី១- បន្តកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគមនាគមន៍ជនបទ ជូនប្រជាពលរដ្ឋថែមទៀត ទាំងបរិមាណ និងគុណភាព កន្លែងណាមិនមានការតភ្ជាប់ ត្រូវតភ្ជាប់ ហើយកន្លែងណាមានផ្លូវខូច ត្រូវជួសជុលឡើងវិញ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ទី២- បន្តការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជនដោយផ្តោតទៅលើទឹកស្អាត បង្គន់អនាម័យជាដើម។ 

ទី៣- ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដែលបានផ្តល់ឥណទានសាច់ប្រាក់ជាង ២០០០លានដុល្លារ ទៅដល់ជាង៨០០គ្រួសារ នៅក្នុង៩ខេត្ត ដើម្បីជួយសម្រួលនៅក្នុងការសេដ្ឋកិច្ចជីវភាពគ្រួសារ បង្កើតសហគមន៍សន្សំប្រាក់បានជាង ២ពាន់ ជិត៥០០ក្រុម ដើម្បីជួយគ្នា សរុបជាង ២០ម៉ឺនគ្រួសារ។

ទី៤- បានបណ្តុះបណ្តាលបំនិនជីវិត សហគ្រិនភាព ជំនាញមូលដ្ឋាន បង្កើតមុខរបរគ្រួសារ និងបង្កើតភូមិគម្រូជាច្រើន។ ក្រៅពីនោះ មានការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ចំនួនជាង១០៧សហគមន៍ ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ និងជួយសម្រួលទៅតាមតម្រូវការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋបង្កើនការងារដល់ពលរដ្ឋ និងបង្កើនសមត្ថភាពគ្រប់ក្រសួង ស្ថាប័នទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

សម្តេចធិបតី បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលនឹងខិតខំស្ថាបនានូវ ហេដ្ឋារចនាសម្ព័ន្ធតាមជនបទឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈផ្លូវនៅតាមជនបទសព្វថ្ងៃគឺមានរហូត ដល់ជាងប្រាំម៉ឺនគីឡូម៉ែត្រ ស្មើនឹងជាង៧០ភាគរយ នៃផ្លូវនៅទូទាំងប្រទេស៕

ដោយ ៖ សិលា


ចែករំលែក៖