ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញទូទាំងប្រទេសគឺធ្វើយ៉ាងណាផ្តល់អត្ថប្រយោជន៍ និងតាមលទ្ធភាពធ្វើទៅបាន ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាលមិនទុកបងប្អូនណាម្នាក់ដែលមានពិការភាពចោលដោយមិនយកចិត្តទុកដាក់នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ប្រជាពលរដ្ឋដែលមានពិការភាពគឺជាធនធានមនុស្សដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ដែលយើងនឹងបន្តចេញគោលនយោបាយជាថ្មីដើម្បីបន្តជួយថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា» នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ និងលើកកម្ពស់ជនមានពិការភាព ដោយបានធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ជាក់ស្តែងការដាក់សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និង ផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម ៕
ដោយ ៖ សិលា