ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ចុះពិនិត្យនិងវាយតម្លៃផ្ទាល់ លើគម្រោងវិនិយោគទេសចរណ៍ចំនួន១៣ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់…

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោកបណ្ឌិត អ៊ាង សុផល្លែត បានចុះពិនិត្យនិងវាយតម្លៃរកឃើញថាគម្រោងវិនិយោគ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម្សិលមិញនេះ​។ ក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដីទំហំ ៩,៨៦ហិកតា ,ទី២ ផ្ទៃដី៩,៦៧ ហិកតា និង ទី៣មានផ្ទៃដី ៨,៦៧ ហិកតា  ,គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូល ដីទំហំចំនួន ៨,៦២ ហិកតា , មានផ្ទៃដីទំហំ ៧,០៧៩ ហិកតា ,និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីប្រមាណជាង៦០ហិកតា ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចុះត្រួតពិនិត្យនិងវាយតម្លៃ លើការគោរពច្បាប់និងធនធានធម្មជាតិ ចំពោះគម្រោងវិនិយោគទេសចរណ៍នានា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ លោករដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា ក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល មិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំកន្លងមក ។ 

សូមបញ្ជាក់ថា អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើមុំចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ 

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីទទួលបានភាពបៃតងរបស់កម្ពុជា គឺយើងត្រូវរួមចំណែក ធ្វើយ៉ាងណាដាំដុះដើមឈើ ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការ ដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង១ឆ្នាំ ដោយ ប្រជាពលរដ្ឋ អាចទទួលបានកូនឈើយកទៅដាំ ដោយឥតគិតថ្លៃពីក្រសួងបរិស្ថាន ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមសហគមន៍ លំនៅឋាន សាលារៀន វត្តអារាមជាដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ៕

ដោយ​៖ តារា​


ចែករំលែក៖