ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ លើជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១តោន នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសារដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ជនជាតិវៀតណាម២នាក់ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ មាត្រា៤៥ និង មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ សម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមបញ្ចាក់ថានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោយពីទទួលបានកិច្ចសហការពីសមត្ថកិច្ចវៀតណាម អំពីការលួចលាក់ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ គោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញចាប់ឃាត់ខ្លួន ជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។

បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់នេះ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

រយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៤នេះ ករណីជួញដូរគ្រឿងញៀនធំៗ ដែលមានគ្រឿងញៀនរាប់រយគីឡូក្រាម និងខ្លះដល់តោន រួមទាំងក្លឹបកម្សាន្តមួយចំនួន ត្រូវបានបង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងបានឃាត់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖