ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅជាចំណុចគន្លឹះនៃភាពខុសគ្នារវាង «ថ្នាល ឬ Platform» និង «កម្មវិធីអនុវត្ត ឬ Application/App»?

ចែករំលែក៖

ភ្នំពេញ ៖ ពាក្យថា «ថ្នាល/Platform» និង «កម្មវិធីអនុវត្ត ឬ Application/App» ទាំងពីរសុទ្ធតែសំខាន់នៅក្នុងពាក្យស័ព្ទនៃវិទ្យាសាស្រ្តកុំព្យូទ័រ ប៉ុន្តែជួកវាបម្រើឲ្យគោលបំណង និងលក្ខណៈខុសគ្នា។ នេះជាការលើកឡើងរបស់លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ 

លោកបន្តថា ៖ ខាងក្រោមគឺជាចំណុចសំខាន់ដែលពួកវាទាំងពីរខុសគ្នា រួមមាន៖

ទី១) គោលបំណង៖ 

កម្មវិធីអនុវត្ត ឬ App គឺជាសុសវែរដែលរៀបចំឡើងសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីបំពេញកិច្ចការជាក់លាក់មួយ ដូចជាការសរសេរឯកសារ ការលេងហ្គេម ឬមើលវីដេអូ។ ចំណែកឯ ថ្នាល គឺបរិស្ថានដែលនៅក្នុងនោះរាល់កម្មវិធីអនុវត្តត្រូវបានបង្កើតឡើង និងអាចដំណើរការបាន។ វាផ្តល់នូវមូលដ្ឋានមួយដែលនៅលើនោះកម្មវុធីអនុវត្តនានា ដំណើរការនានា ឬបច្ចេកវិទ្យាត្រូវបានបង្កើតឡើង។

ទី២) មុខងារ៖

កម្មវិធីអនុវត្ត/App ផ្តល់មុខងារដែលជាតម្រូវការផ្ទាល់របស់អ្នកប្រើប្រាស់ រីឯ ថ្នាល ផ្តល់មូលដ្ឋានគ្រឹះដែលអនុញ្ញាតឲ្យកម្មវិធីអនុវត្តនានាអាចប្រតិបត្តិការបានប្រកបដោយប្រសិទ្ធភាព។

ទី៣) ភាពពឹងផ្អែក៖

កម្មវិធីអនុវត្ត/App ពឹងផ្អែកលើថ្នាល ដើម្បីដំណើរការ។ ជាឧទាហរណ៍ កម្មវិធីអនុវត្តនៃទូរសព្ទចល័ត ត្រូវការថ្នាល/ក្លោដដូចជា iOS ឬ Android ដើម្បីបង្កើតមុខងារ។ ទោះបីយ៉ាងណា ថ្នាល អាចកើតឡើងដោយពុំចាំបាច់មានកម្មវិធីអនុវត្ត/App តែវាមិនអាចផ្តល់ការប្រើប្រាស់ពេញលេញដល់អ្នកប្រើប្រាស់ចុងក្រោយ។

ទី៤) ឧទាហរណ៍៖

ជាឧទាហរណ៍នៃថ្នាល មានជាអាទិ៍ Windows, MacOS, Linux, ឬប្រព័ន្ធប្រតិបត្តិការឧបករណ៍ចល័តឆ្លាតវៃដូចជា iOS ឬ Android ។  ពួកវាអាចជាផងដែរនូវថ្នាលអនឡាញ ដូចជាឧបករណ៍ស្វែងរកតាមវេប មានជាអាទិ៍ Google Chrome, Firefox ឬថ្នាល/ក្លោដកុំព្យូទ័រ មានជាអាទិ៍ Amazon Web Services, Google Cloud Platform។ 

ជាឧទាហរណ៍នៃកម្មវិធីអនុវត្ត/App មានជាអាទិ៍ Microsoft Word, Facebook app, ឬ games ដូចជា Fortnite។

ទី៥) ការអភិវឌ្ឍ ឬការបង្កើត៖

ការបង្កើតថ្នាល/ក្លោដជានិច្ចកាលត្រូវការធនធានច្រើន និងទំហំការងារកាន់តែធំ ជាងការបង្កើតកម្មវិធីអនុវត្ត/App។ នេះគឺមកពីថ្នាលត្រូវការផ្តល់សេវាទៅឲ្យពហុកម្មវិធីអនុវត្ត និងកាន់កាប់កិច្ចការផ្សេងៗក្នុងពេលតែមួយ។

ទី៦) ភាពបត់បែនបាន៖

កម្មវិធីអនុវត្តត្រូវបានរៀបចំឡើងសម្រាប់កិច្ចការជាក់លាក់ និងមានកំណត់បណ្តុំមុខងារដែលពួកគេអា បំពេញបាន រីឯថ្នាលត្រូវការភាពបន់បែន និងអាចគាំពារអត្រាចំនួនច្រើននៃកម្មវិធីអនុវត្ត ដែលកម្មវិធីអនុវត្តនិមួយៗមានមុខងារខុសៗគ្នា។

ទី៧) អន្តរកម្មរបស់អ្នកប្រើប្រាស់៖

អ្នកប្រើប្រាស់ធ្វើអន្តរកម្មដោយផ្ទាល់ជាមួយនឹងកម្មវិធីអនុវត្ត ប៉ុន្តៃពួកគេ(អ្នកប្រើប្រាស់)ធ្វើអន្តរកម្មមិនផ្ទាល់ជាមួយនឹងថ្នាល/Platform តាមរយៈកម្មវិធីអនុវត្ត/App។ ជាឧទាហរណ៍ អ្នកប្រើប្រាស់អាចប្រើប្រាស់កម្មវិធីអនុវត្តហ្វេសបុក(Facebook App) នៅលើអាយហ្វូនឬទូរសព្ទឆ្លាតវៃរបស់ពួកគេដែលជាថ្នាល៕

ដោយ ៖ សិលា


ចែករំលែក៖