ភ្នំពេញ ៖ បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ!
(Percutaneous CT-Guided Biopsy of the lung, thoracic and abdominal lesions)
បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះ ដោយមានជំនួយពីស្កាន់នែរ ជាមធ្យោបាយមួយនៃវិស័យអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ (Interventional Radiology) ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់នៅក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកនាពេលបច្ចុប្បន្ននេះ។
ក) តើករណីណាខ្លះតម្រូវអោយមានការចោះច្រឹបដុំសាច់សួត ទ្រូងនិងពោះ?
– ករណីរូបភាពវេជ្ជសាស្ត្រ(ការថតសួតរឺស្កាន់នែរ) មិនអាចអោយយើងបែងចែកអោយបានច្បាស់លាស់ពីដុំស្លូត ឬដុំកាច benign vs malignant tumor, infection vs cancer, abscess vs excavated tumor។
– ករណីរូបភាពវេជ្ជសាស្ត្រមានការសង្ស័យខ្ពស់ពីជំងឺមហារីកសួត ក៏តម្រូវអោយមានការច្រឹបដុំសាច់នោះដែរដើម្បីវិភាគលម្អិតពីប្រភេទកោសិកាមហារីក (cancer subtypes, molecular and genetic studies) ព្រោះព័ត៌មានទាំងនោះនឹងជួយគ្រូពេទ្យក្នុងការវាយតម្លៃពីកម្រិតធ្ងន់ធ្ងរ និងតម្រង់ទិសក្នុងការព្យាបាល ។
– ករណីសង្ស័យជាដុំសាច់សួត ដែលរាលដាលពីមហារីករបស់សរីរាង្គដទៃ(metastasis)។
– ករណីមានកូនកណ្តុររីកធំក្នុងពោះ ដោយមិនមានមូលហេតុច្បាស់លាស់ (lombo-aortic lymphadenopathy)។
– ករណីមានដុំសាច់នៅតំបន់ខាងក្រោយស្រោមពោះ (retroperitoneal tumors: pancreas, adrenal gland, kidney…)។
ខ) អត្ថប្រយោជន៍នៃការច្រឹបដុំសាច់សួត ទ្រូងនិងពោះដោយមានជំនួយពីស្កាន់នែរ៖
ការច្រឹបដុំសាច់ផ្សេងៗរបស់សួត ទ្រូងនិងពោះ អាចធ្វើឡើងតាមមធ្យោបាយច្រើនបែប។ ដោយឡែក បច្ចេកទេសចោះច្រឹបដោយមានជំនួយពីស្កាន់នែរ អាចសម្រេចបានស្ទើរគ្រប់ករណីនៃដុំសាច់ ព្រោះស្កាន់នែរបានជួយអោយគ្រូពេទ្យកំណត់ទីតាំងជាក់លាក់របស់ដុំសាច់ និងជ្រើសរើសផ្លូវសម្រាប់ការចោះច្រឹបនោះប្រកបដោយសុវត្ថិភាពខ្ពស់ និងហានិភ័យទាប។ បច្ចេកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រនេះ មិនផ្តល់ផលប៉ះពាល់អវិជ្ជមានពីកាំរស្មីអ៊ិច មិនមានការឈឺចាប់ខ្លាំង មិនតម្រូវអោយមានការដាក់ថ្នាំសន្លប់និងការសម្រាកពេទ្យឡើយ។.
នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតឯកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ ដែលមានជំនាញនិងសមត្ថភាពខ្ពស់ បាននឹងកំពុងធ្វើការសហការយ៉ាងស្អិតរមួតជាមួយវេជ្ជបណ្ឌិតឯកទេសផ្សេងៗទៀត ដើម្បីផ្តល់ប្រឹក្សាក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជូនលោកអ្នក តាមស្តង់ដារវេជ្ជសាស្ត្រទំនើប៕
ដោយ ៖ សិលា