ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រយ័ត្នធ្លាក់ជង្ហុករេចង្កូតទៅបុករុឺម៉កលក់ផ្លែឈើនៅលើចិញ្ចើមផ្លូវស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុក រេចង្កូតទៅបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈើឈប់លក់នៅលើចិញ្ចើមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ស៊ីប ស៊ី អាយុ៤៥ឆ្នាំ មុខរបរ ជាសន្តិសុខ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអណ្តូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1JA-3113 តាបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងមកត្បូងដោយល្បឿនលឿន ខណៈជិះមកដល់ចំណុចកើត

ហេតុបានធ្លាក់ជង្ហុកហើយរេចង្កូតទៅបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈើ ដែលចតលក់នៅលើចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលអូសទៅមុខបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ ពេលនោះដែរអ្នកបើករ៉ឺម៉កដឹកផ្លែឈើក៏បានបើករត់គេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុក ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖