ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ រយៈពេល២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបាន ១៦ករណី ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃទី​០១​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះ បានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៨៥នាក់។

លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣១ គ្រឿង ម៉ូតូ១៥គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១៥គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន ៨៥ បង្គោលរបងចំនួន ៣,៦៥២បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។

ជាមួយគ្នានេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ២០៧.១៣ហិកតា និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ រុះរើខ្ទមចំនួន១៣។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ៕

ដោយ​៖ តារា​


ចែករំលែក៖