ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបានបាញ់ចំនួន៣គ្រាប់បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍ជម្លោះមួយនាខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៥៧- ៥៨ ស្ថិតនៅក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានបើករថយន្ត រួមដំណើរជាលក្ខណៈគ្រួសារ ដែលទើបនឹងវិលត្រឡប់មកពីដើរ លេង ធ្វើដំណើរក្នុងទិសដៅពីខេត្តតាកែវ ចូលមកកាន់រាជធានីភ្នំពេញវិញ។  

ខណៈកំពុងបើកសុខៗស្រាប់តែមានរថយន្តកូរ៉េពណ៌ស ១គ្រឿងទៀត បានបើកជែង ទើបធ្វើឱ្យជនរងគ្រោះមានកំហឹងក៏បានបើកប្រជែងកាក់ពីមុខរថយន្តកូរ៉េនោះ ។  ជនរងគ្រោះបានចុះពីលើរថយន្ត ដោយមានកាន់ដែកទីប១ដើមនៅនឹងដៃផង បំរុងគម្រាមអ្នកបើកបររថយន្តកូរ៉េនោះស្រាប់តែជនសង្ស័យដែលជាអ្នកបើកបររថយន្តកូរ៉េ បានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់បណ្តាលឱ្យ ត្រូវចំទ្រូង ពោះ របស់ជនរងគ្រោះ រងរបួសធ្ងន់ធ្ងរ ដេកដួលលើផ្លូវ ហើយជនសង្ស័យបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។ មិនទាន់មានសេចក្តីរាយការណ៍ពីអត្តសញ្ញាណរបស់ជនសង្ស័យជាខ្មាន់កាំភ្លើងនោះនៅឡើយ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានដឹកបញ្ជូនជន រងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី និងកំពុងស្រាវ ជ្រាវស្វែងរកជនសង្ស័យដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖