ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា! ដោយឯកឧត្តមបានសរសេរថា ៖ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា “ប្រធានព្រឹទ្ធសភា” នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ។

ការទទួលបាននូវតួនាទីជាប្រធានព្រឹទ្ធសភា របស់សម្តេចអគ្គមហាសេនាបតីតេជោ នាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុត និងជាសក្ខីភាពមួយឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់សម្តេច ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី មិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិទាំងមូល នាពេលកន្លងមក។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពជូនពរសម្តេចតេជោ ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការកសាងច្បាប់ឆ្លើយតបតាមបទដ្ឋានគតិយុត្តអន្តរជាតិ លើកកម្ពស់ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសនានាលើសកលលោក តរៀងទៅ។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំក៏សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖