ភ្នំពេញ ៖ និន្នការនៃការវិវត្តន៍បច្ចេកវិទ្យា
ក) អំពីការវិវត្តន៍
ចំណុចចាប់ផ្តើមដំបូងនៃការវិវត្តន៍នៃបច្ចេកវិទ្យាទូគមនាគមន៍ គឺ “អ៉ីនធើណេត” ហើយ អ៉ីនធើណេត នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៩ ដោយភ្នាក់ងារ Advanced Research Project Agency (ARPANET) ដែលជាភ្នាក់ងារស្រាវជ្រាវនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក។ គោលបំណងសំខាន់គឺធ្វើឱ្យកុំព្យូទ័រអាចតដំណើរការទៅបានតាមរយៈការតភ្ជាប់គ្នាជាបណ្តាញ និងធ្វើអន្តរកម្មជាមួយគ្នាបាន។ នេះបើយោងតាមការសរសេរដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
លោក បន្តថា ៖ បន្ទាប់មកគេហទំព័រមួយដំបូងគេបង្អស់ក្នុងពិភពលោកបានបង្កើតឡើងហៅថា <https://info.cern.ch> តាមរយៈតំណនៃគេហទំព័រនេះ លោកអ្នកអាចចូលទៅមើលឃើញនូវសារជាអក្សរមួយចំនួន និង Hyperlink (https://..) ដែលអាចអនុញ្ញាតឱ្យលោកអ្នកអាចចូលទៅមើលព័ត៌មាននានាបាន។
ប្រទេសកម្ពុជាយើង ក្រុមការងារមួយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលដឹកនាំផ្ទាល់ឯកឧត្តម ម៉ូវ ចរិយា ដែលបច្ចុប្បន្នជារដ្ឋលខាធិការក្រសួងនេះ តាមអនុសាសន៍ណែនាំរបស់អតីតរដ្ឋមន្រ្តី ឯកឧត្តម សូរ ឃុន ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតតំណភ្ជាប់បណ្តាញនិងសេវាអ៉ីនធើណិតដំបូងបង្អស់របស់ខ្លួន ទៅកាន់ពិភពលោក តាមរយៈបណ្តាញផ្កាយរណប 64Kilobytes ជាមួយប្រទេសសឹង្ហបុរី តាំងពីខែឧសភា ឆ្នាំ១៩៩៧ មកម្លេះ។
បើនិយាយអំពីការអភិវឌ្ឍន៍បណ្តាញអ៉ីនធើណេតដំបូងគេបំផុត គឺជាការតភ្ជាប់បណ្តាញរវាងគ្នាតាមវិធីសាស្រ្តបណ្តាញមានខ្សែ ច្រើនជាងបណ្តាញឥតប្រើប្រាស់ខ្សែ ដូចនេះចំណុចចាប់ផ្តើមនៃបច្ចេកវិទ្យាឥតប្រើប្រាស់ខ្សែ គឺជាបន្តបន្ទាប់ដូចតទៅ៖
+ ចាប់ពីបណ្តាញទូរគមនាគមន៍ជំនាន់ទី១ (1G) ជាយុគ្គសម័យមួយនៃបច្ចេកវិទ្យាទូរគមនាគមន៍ មិនអាចអនុញ្ញាតឱ្យអ៊ីនធឺណិតដំណើរការបានរវាងអ្នកប្រើប្រាស់លើបណ្តាញនេះបានឡើយ គឺជាបណ្តាញបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៨៤ ក្នុងសហរដ្ឋអាមេរិក ដែលគេអាចប្រើប្រាស់សម្រាប់តែសេវាសន្ទនាទូរស័ព្ទជាសំឡេងប៉ុណ្ណោះ។
+ បន្ទាប់មកកើតឡើងនូវបណ្តាញទូរគមនាគមន៍ជំនាន់ទី២ (2G) ជាយុគ្គសម័យមួយនៃបច្ចេកវិទ្យា កើតឡើង នៅក្នុងឆ្នាំ១៩៩១ ដែលអាចផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់អាចទាក់ទងគ្នាច្រើនជាងក្រៅពីការសន្ទនាទូរស័ព្ទជាសំឡេង គឺអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើសេវាបញ្ជូនសារខ្លី (SMS) បានចំនួន ១៦០អក្សរប៉ុណ្ណោះ តាមរយៈប្រើប្រាស់ឧបករណ៍ Paging ជាមួយទូរស័ព្ទដៃ និងអាចហៅថាជាយុគ្គ សម័យថ្មីបន្តិចក្នុងប្រើប្រាស់សេវាទិន្នន័យបន្តិចបន្តួច។
+ បន្ទាប់មកទៀតនោះ គឺយុគ្គសម័យបណ្តាញទូរគមនាគមន៍ជំនាន់ទី៣ (3G) ជាយុគ្គសម័យមួយនៃបច្ចេកវិទ្យាថ្មីមួយទៀត និងជារបត់ថ្មីមួយនៃប្រវត្តិសាស្រ្តក្នុងការបង្វែរខ្លួនពីការប្រើប្រាស់តែសេវាសំឡេង បូកថែមនឹងការប្រើប្រាស់សេវាបញ្ជូនទិន្នន័យ ក្នុងរយៈពេល ១៥ឆ្នាំ សម្រាប់យុគ្គសម័យនៃបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត តាមរយៈបណ្តាញទូរគមនាគមន៍ចល័ត តាមបច្ចេកវិទ្យាវិសាលគមន៍វិទ្យុនៃបន្ទាបង់ហ្វ្រេកង់ស៍វិទ្យុពី 400MHz រហូតដល់ 3GHz ដែលអាចអនុញ្ញាតផ្តល់សមត្ថភាពបញ្ជូនទិន្នន័យក្នុងទំហំពី 384KbpsMHz រហូតដល់ 2Mbps ។ បណ្តាញនេះក៏មានបន្ថែមនូវការផ្តល់សេវាលើតម្លៃបន្ថែមដទៃទៀត រួមមាន៖ សេវា GPS ឬសេវានាំផ្លូវ និងជាយុគ្គសម័យនៃការកកើតម៉ាកទូរស័ព្ទចល័ត/ឧបករណ៍ស្មាតហ្វូន Tach Screen ដែលបង្កើតឡើងដោយក្រុមហ៊ុន Apple ។
+ បន្តមកទៀត គឺជាយុគ្គសម័យទូរគមនាគមន៍ជំនាន់ទី៤ (4G) ជាយុគ្គសម័យមួយនៃបច្ចេកវិទ្យាថ្មីមួយទៀត ដែលអាចចាត់ទុកថាជាយុគ្គសម័យរីកចម្រើនខ្ពស់បំផុតនៃការតភ្ជាប់បណ្តាញអ៉ីនធើណេត នាសម័យកាលនេះ ដែលបានកំណត់ស្តង់ដារនៅក្នុងឆ្នាំ២០០៨ និងអនុញ្ញាតឱ្យប្រើប្រាស់បន្ទាបង់ហ្វ្រេកង់ស៍វិទ្យុចាប់ពី 700Mhz រហូតដល់ 2600MHz ដែលអាចអនុញ្ញាតផ្តល់សមត្ថភាពបញ្ជូនទិន្នន័យក្នុងទំហំរហូតដល់ 300Mbps ។ បណ្តាញនេះបានធ្វើការអភិវឌ្ឍជាបន្តទៀត ដែលបានមកដល់យុគ្គសម័យបណ្តាញជំនាន់ទី ៤,៥ (4.5G – LTE Advanced Pro) ដែលមានសមត្ថភាពបញ្ជូនទិន្នន័យរហូតដល់ 1.2Gbps ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទស្សនាវីឌីអូ 4K ដោយគ្មានការរអាក់រអួល។
+ យុគ្គសម័យជំនាន់ទី៥ (5G) ជាយុគ្គសម័យអនាគតដ៏ខ្លី ដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងជាធាតុមួយក្នុងការធ្វើឌីជីថលកម្ម ដែលក្នុងនោះមានបច្ចេកវិទ្យាចំនួន៥ រួមមាន៖
បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G)
ពពកកុំព្យូទ័រ (Cloud Computing)
វិភាគទិន្នន័យ (Data Analysis)
សន្តិសុខសាយប័រ (Cyber Security)
អ៊ីនធឺណិតនៃវត្ថុ (Internet Of Things – IoT)
វាជាបណ្តាញដែលមានសមត្ថភាពខ្ពស់អាចផ្តល់កំលាំងចែកចាយដែនសេវារហូតដល់កំពស់ ៣០០ម៉ែត្រ និងបន្ថយកម្រឹតភាពយឺតយ៉ាវនៃការតភ្ជាប់ត្រឹមក្រោម 20Miliseconds ផ្តល់សមត្ថភាពល្បឿនបញ្ជូនអ៊ីនធឺណិត ឬទិន្នន័យរហូតដល់ 20Gbps ។
បណ្តាញ 5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់ឆ្ពោះទៅកាន់ ឧស្សាហកម្មជំនាន់ទី ៤. ០ និងដើរតួនាទីធ្វើឱ្យគ្រប់វិស័យវៃឆ្លាត រួមមាន៖ សិប្បកម្មវៃឆ្លាត សុវត្ថិភាពនិងសន្តិសុខវៃឆ្លាត ការដឹកជញ្ជូនវៃឆ្លាត សុខាភិបាលវៃឆ្លាត ទីក្រុងឬគេហដ្ឋានវៃឆ្លាត ឋាមពលវៃឆ្លាត គមនាគមន៍វៃឆ្លាត និងវិស័យដទៃទៀតវៃឆ្លាត ។
សន្និដ្ឋាន៖ ដោយសារការវិវត្តន៍នៃបច្ចេកវិទ្យាណែងណងមករបៀបហ្នឹងហើយ ដែលជាហេតុនាំឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវធ្វើការគិតគូរក្នុងការគ្រប់គ្រងមិនត្រឹមតែបណ្តាញនិងសេវាសំឡេងទេ គឺតម្រូវឱ្យមានការកែទម្រង់មួយ ដើម្បីអនុញ្ញាតឱ្យក្រសួងប្តូរឥរិយាបទបង្ខំខ្លួនគ្រប់គ្រងទៅលើបណ្តាញនិងសេវាទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ដើម្បីអនុញ្ញាតឱ្យបណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ (5G) អាចដំណើរការបាន គឺ៖
១) មានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុគ្រប់គ្រាន់ហើយឬនៅ?
២) មានគោលនយោបាយនិងផែនទីបង្ហាញផ្លូវ និងសេវាអាទិភាព សម្រាប់ការអភិវឌ្ឍហើយឬនៅ?
៣) តើការវិនិយោគ និងការសម្របសម្រួល អាចទៅរួចហើយឬទេ? ក្នុងករណី បរិយាកាសមួយមិនទាន់មានគោលនយោបាយ និងនិយ័តកម្មមួយត្រឹមត្រូវនៅឡើយនោះ?
៤) តើយើងត្រូវធ្វើនិយ័តកម្មពិតប្រាកដយ៉ាងដូចម្ត៉េច? ហើយបទប្បញ្ញត្តិនិងការធ្វើនិយ័តកម្មផ្ទៃក្នុងរបស់យើងបានត្រៀមហើយឬនៅ?
បើសិនមានសំណួរត្រូវឆ្លើយច្រើនម្លឹងៗ សួរថាបច្ចេកវិទ្យាជំនាន់ទី៥ នេះអាចប្រព្រឹត្តទៅបានដែរឬទេសម្រាប់ប្រទេសកម្ពុជាយើង? ទៅរួច ឬមិនរួច គួរក្រសួងត្រូវគិតជាមុន ដូចតទៅ៖
១) កំណត់ស្តង់ដារលើបង់ហ្រេកង់ស៍វិទ្យុ ក្នុងបន្ទាណា ដែលកម្ពុជាយើងអាចប្រើប្រាស់បាន ស្របតាមនិយាមកំណត់របស់ ITU នៅក្នុងឆ្នាំ២០២១។
២) រៀបចំគោលនយោបាយ និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធនឹងការធ្វើនិយ័តកម្មបច្ចេកវិទ្យាជំនាន់ទី៥។
៣) ដាក់ចេញនូវផែនការសកម្មភាព ក្នុងការអភិវឌ្ឍ និងប្រមូលទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥។
៤) ជម្រុញឱ្យមានការចូលរួមពីវិស័យផ្សេងៗ ក្នុងការប្រមើលមើលគិតគូរដល់ការទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់បម្រើឱ្យវិស័យរបស់ខ្លួន។
៥) ដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយគម្លាតឌីជីថលរវាងទិក្រុងនិងជនបទ ដែលយើងកំពុងប្រឈមនាពេលនេះ៕
ដោយ ៖ សិលា