ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំងសហការជាមួយកងពលតូចលេខ៧០ចាប់ជនសង្ស័យហ៊ុមសម្រាស់នៅឃុំកំពង់ព្រះគគីរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ វេរ មេបញ្ជាការរង សហការជាមួយកងកម្លាំងកងពលតូចលេខ70 ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មួង ណូរ៉ា កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ក្រាបបទល្មើសហ៊ុមសម្រាស់១កន្លែងនៅចំណុចភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង គ្រាដែលក្រុមជន ល្មើសកំពុងធ្វើសកម្មភាពហ៊ុសម្រាស់ចាប់ត្រីដោយខុសច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបញ្ជាក់ថា ក្រោយការឃាត់បទល្មើសហ៊ុមសម្រាស់ខាងលើ គឺបានឃាត់ ខ្លួនមនុស្សចំនួន១០ នាក់ កាណូតបាឡាស្មាច់៤គ្រឿង ម៉ាស៊ីនខ្យល់ចំនួន១គ្រឿង និងសាច់អួនប្រវែង៤៥ម៉ែត្រ។

លោកបានបន្តថា នៅល្ងាចថ្ងៃដដែល មុនពេលបញ្ជូនជនសង្ស័យទៅមន្ត្រីជំនាញជលផល រូបលោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមបញ្ឈប់ការដាក់សម្រាស់ និងបទល្មើសនេសាទផ្សេងៗទៀត ។ បន្ទាប់មក បានបញ្ជូនជនសង្ស័យទាំង10នាក់ទៅខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការតាមនិតិវិធីបន្ត។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ នេះ ថា ចំពោះវត្ថុតាងត្រូវបានខាងយោធារក្សាទុក ចំណែកមនុស្សបានប្រគល់ឲ្យខណ្ឌរដ្ឋបាលជលផលអប់រំ និងបានឲ្យត្រឡប់ទៅផ្ទះវិញហើយ៕


ចែករំលែក៖