ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទសន្និបាតក្រសួងផែនការ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​នៅព្រឹកថ្ងៃអង្គារទី​៩ ខែមេសា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើក​ទិសដៅ​ការ​ងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ។

សូម​អាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ចាត់ទុក កិច្ចការងារផែនការ ស្ថិតិ និងប្រជាជន គឺជាការងារដ៏សំខាន់ក្នុងការប្រមូល និងវិភាគទិន្នន័យឱ្យបានច្បាស់លាស់ សំដៅរៀបចផែនការជាតិ យុទ្ធសាស្ត្រជាតិ ជាដើម។

-សម្តេចធិបតី ថ្លែងថា ក្រសួងផែនការ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការរៀបចំលក្ខខណ្ឌគោលនយោបាយ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាច្រើន។

-សម្ដេចធិបតី ប្រកាស​លើកទឹកចិត្ដឱ្យប្រជាពលរដ្ឋបង្កើតកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេងបន្ថែមទៀត។

-សម្ដេចធិបតី​ ប្រកាស​ណែនាំក្រសួងផែនការយកចិត្តទុកលើការពង្រឹងសាលាជាតិផែនការ និងស្ថិតិ ក្នុងការកសាងធនធានមនុស្សមន្ត្រីកាន់តែមានសមត្ថកិច្ចសម្រាប់បំពេញឱ្យតម្រូវការផែនការ ក៏ដូចជាក្រសួងស្ថាប័ននានាជាច្រើនទៀត។

-សម្ដេចធិបតី​ ថ្លែង​ណែនាំក្រសួងផែនការ ត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនឱ្យជាប់ប្រចាំ ដើម្បីការងារអង្កេត ជំរឿន ស្ថិតិ ជាពិសេសសមត្ថភាពបង្កើតទិន្នន័យ។​ សម្តេចធិបតី បញ្ជាក់​ថា ទិន្នន័យច្បាស់លាស់ ធ្វើឱ្យការដាក់ចេញផែនការបានត្រឹមត្រូវ។

-សម្តេចធិបតី ថ្លែងថា ការរៀបចំផែនការមិនមែនចេះតែនឹកឃើញចង់ធ្វើនោះទេ ពោលគឺត្រូវមានផែនការវែងឆ្ងាយក្នុងការដាក់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា យុទ្ធសាស្រ្តបញ្ចកោណយ៉ាងដូច្នេះដែរ គឺមិនមែនគិតមួយឆ្នាំធ្វើមួយឆ្នាំនោះទេ គឺមានផែនការរយៈពេល ២៥ឆ្នាំទៅមុខ។

-សម្តេចធិបតី ថ្លែងថា​ ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ ផែនការបានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ។ ទិន្នន័យនេះ គឺមាន សារសំខាន់ខ្លាំងណាស់ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ។

-សម្តេចធិបតី ថ្លែងថា ការដឹកនាំជាតិ ទាមទារឱ្យមានផែនការច្បាស់លាស់ មិនអាចធ្វើតាមការស្រមើស្រមៃនោះឡើយ។

-សម្តេចធិបតី ថ្លែងថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និង ការពន្យារកំណើត, ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។

-សម្តេចធិបតី សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។

-សម្តេចធិបតី ថ្លែងថា ក្រសួងផែនការមានតួនាទីសំខាន់, ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការ សម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, ផែនការវិនិយោគសាធារណៈ, ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ។

-សម្តេចធិបតី ថ្លែងថា ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងសម្របសម្រួលការងារ ក្នុងបរិការណ៍អន្តរជាតិជាច្រើនទៀត រួមមានការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, ការងារពង្រឹង និងតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និង ការអភិវឌ្ឍ និងការងាររៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច។

-សម្តេចធិបតី ថ្លែងថា សាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលធនធានមនុស្សមួយដ៏មានសារៈសំខាន់លើវិស័យផែនការ, ស្ថិតិ និង ប្រជាសាស្ត្រ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស។

-សម្តេចធិបតី ថ្លែងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឧបការណ៍ដ៏សំខាន់សម្រាប់អនុវត្តយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងរបៀបវារៈផ្សេងៗ សម្តេចសូមស្នើឱ្យក្រសួងផែនការ ពន្លឿនការរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានទាន់ពេលវេលា។

-សម្តេចធិបតី​ ថ្លែងថា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និង ភាគលាភយេនឌ័រ ឱ្យបានជាអតិបរមា និង បញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និង ប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០, សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ គិតគូរឱ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការ ប្រជាសាស្ត្រ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូ នៃយន្តការគាំទ្រសង្គមដល់យុវវយ និងគ្រួសារ, នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។

-សម្តេចធិបតី ថ្លែងថា ទាក់ទងនឹងសាលាជាតិផែនការ និង ស្ថិតិ, សម្តេចស្នើឱ្យក្រសួងផែនការពិភាក្សា ជាមួយនឹង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងពាក់ព័ន្ធ ដើម្បីប្រែក្លាយសាលាជាតិផែនការ និង ស្ថិតិ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីពង្រឹង និង ពង្រីកវិសាលភាពតួនាទី និងភារកិច្ចឱ្យកាន់តែរីកចម្រើន។

បេីតាមការ​បញ្ជាក់ពី​លោក ប៊ិន ត្រឈៃ​ រដ្ឋមន្ត្រី​ក្រសួង​ផែនការ បានរម្លឹកថា ក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងសម្រេចបានការងារ​ជាច្រើន ក្រោមការដឹកនាំរបស់លោក ឆាយ ថន និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួង។

លោករដ្ឋមន្ត្រី បាន​រម្លឹក​បន្ថែម​ថា ឆ្នាំ២០២៣ គឺជាឆ្នាំបញ្ចប់នៃរាជរដ្ឋាភិបាលអាណត្តិទី៦ និង​ជាឆ្នាំចាប់ផ្តើមនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតសាកល ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធ​សាស្ត្រ​​បញ្ចកោណដំណាក់កាលទី១ ដោយមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា​ឌីជី​ថល។

លោករដ្ឋមន្ត្រីបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ បាននិង​កំពុងបន្តកិច្ចខិតខំអនុវត្ត ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន និងសម្រេចបាននូវសមិទ្ធផល​ការងារធំធេងជាច្រើន គួរជាទីមោទន។ គោលបំណងនៃសន្និបាតក្នុងរយៈពេល ២ថ្ងៃនេះ គឺ​ដើម្បីពិនិត្យទៅលើសមិទ្ធផលការងារឆ្នាំ២០២៣ បញ្ហា ប្រឈម និងការលើកទិសដៅការងារ​ឆ្នាំ២០២៤ របស់ក្រសួងផែនការ សំដៅពង្រឹងសមត្ថភាព និងបង្កើន ប្រសិទ្ធភាពការងារ របស់​ស្ថាប័ននិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់៕

ដោយ​៖ តារា​


ចែករំលែក៖