ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ក្របីចាប់ឃាត់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចពាក់ព័ន្ធករណីលួចសត្វក្របី

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចដល់អ្នកភូមិ ខណៈម្ចាស់ក្របី បានចាប់ឃាត់ជនសង្ស័យ ម្នាក់ប្រគល់អោយសមត្ថកិច្ច ពាក់ព័ន្ធករណីលួចសត្វក្របី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ នៅចំណុចភូមិផ្ទះជួល ស្ថិតភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ប្រឹង វី ភេទប្រុស អាយុ៣៥ឆ្នាំ ស្រុកកំណើតភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពបន្តថា សមត្ថកិច្ច បានទទួលព័ត៌មាន មកថា នៅចំណុចភូមិផ្ទះជួល ស្ថិតភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានម្ចាស់ក្របីឈ្មោះ តូច សម្ភស្ស ភេទប្រុស អាយុ២៨ឆ្មាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងចាប់បានចោរដែលលួចក្របីរបស់គាត់ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏នាំជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត។

ជនសង្ស័យ បានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល៤សៀល ខណៈខ្លួននៅបន្ទប់ជួល ឈ្មោះ ដា ស្ថិតភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស  ក៏ស្រាប់តែឃើញមានក្របីមួយហ្វូងដើរចូលភូមិផ្ទះជួលនោះ ភ្លាមនោះខ្លួនក៏បានចាប់មេក្របីមួយក្បាលចង ទុកនៅដើមត្របែក។

ហើយដល់ម៉ោងប្រហែលជិត៥ល្ងាច ខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាវ៉េវ គ្មានស្លាកលេខ ដើម្បីរកអ្នកទិញក្របីនៅម្ដុំជិតនោះ ហើយក៏ទាក់ទងបានអ្នកទិញ និងតថ្លៃគ្នាក្នុងតម្លៃ១លាន៨សែនរៀល  ខណៈពេលខ្លួនណាត់អ្នកទិញមកដើម្បីមើលក្របី ស្រាប់តែមានសមត្ថកិច្ចមកដល់ ខ្លួនក៏បម្រុងជិះម៉ូតូរត់ចេញ តែត្រូវអ្នកទិញក្របីចាប់ហើយប្រតាយប្រតប់ជាមួយអ្នកទិញក្របី រួចសមត្ថកិច្ចនាំខ្លួនមកសាកសួរតែម្ដង។

ក្រោយពីបានចម្លើយសារភាពរួច លោកអធិការបានសុំគោលការ លោកព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បី កសាងសំណុំរឿងតាមច្បាប់ ៕

ដោយ៖ សុថាន

 


ចែករំលែក៖