ភ្នំពេញ៖ ផ្ទះម្ចាស់ប្រេន Lakamo ត្រូវបានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពចូលចាប់ជំរិតទារលុយ២០ម៉ឺនដុល្លារ រួចបាញ់សម្លាប់បុរសជាប្ដី ហើយជនដៃដល់ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ ខណៈអ្នកតំណាងផលិតផលម្នាក់ (BA) ត្រូវបានគេស្គាល់ឈ្មោះ សុខលីន ក៏រងរបួសធ្ងន់ផងដែរដោយសារលោតពីលើផ្ទះនោះ។
ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប៉ុន្ដែទើបបង្កឱ្យមានការភ្ញាក់ផ្អើលនិងធ្លាយព័ត៌មានជាសាធារណៈ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។
ទាំងប្រភពព័ត៌មានពីសមត្ថកិច្ចនិងប្រភពព័ត៌មានពីកន្លែងកើតហេតុបានអះអាងថា នៅម៉ោងប្រហែល១១យប់ (វេលាកើតហេតុ) ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងខ្លីភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។
ពេលទៅដល់ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និងគំរាមបុរសជាប្ដីម្ចាស់ផលិតផលដែលត្រូវបានគេស្គាល់ឈ្មោះ ឈួរ ឈុនហួរ ហើយក៏បាញ់មួយគ្រាប់ចំក្បាលផ្នែកខាងក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។
ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ ដែលជាប្ដីម្ចាស់ប្រេនឡេ Lakamo នោះរួច ជនដៃដល់បានជំរិតទារឱ្យជនរងគ្រោះ យកលុយមកប្រគល់ឱ្យខ្លួនចំនួន២០ម៉ឺនដុល្លារ។
ការធ្វើសកម្មភាពរបស់ជនដៃដល់នៅក្នុងផ្ទះជនរងគ្រោះបានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ៧ ថ្ងៃទី១១ ខែមេសា ហើយហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅធ្វើអន្ដរាគមន៍និងបង្ក្រាបជនដៃដល់។
នៅពេលឃើញកម្លាំងកងរាជអាវុធហត្ថទៅដល់និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូ ក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។
យ៉ាងណាមិញ ក្រៅពីបុរសជាម្ចាស់ផ្ទះដែលត្រូវបានសម្លាប់ ហើយជនដៃដល់បាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរនោះ ក៏មានជនរងគ្រោះម្នាក់ទៀតបានរងរបួសដោយសារភ័យ ហើយលោតពីលើផ្ទះទាក់ជាមួយរបងឈ្មោះ សុខលីន ដែលត្រូវបានគេស្គាល់ថាជាតារា TikTok និងជា BA ផលិតផលឡេ Lakamo។
រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និងសួរនាំជនរងគ្រោះនៅក្នុងផ្ទះ សរុប១២នាក់ តាមនីតិវិធីជំនាញ៕
ដោយ ៖ រ៉ារ៉ា