អាជ្ញាធរអ៊ីតាលីបាននិយាយកាលពីថ្ងៃទី 11 ខែមេសាថាចំនួនអ្នកស្លាប់ដោយសារតែការផ្ទុះកាលពីថ្ងៃទី 9 ខែមេសានៅរោងចក្រវារីអគ្គិសនី Bargi របស់ក្រុមហ៊ុនថាមពលកកើតឡើងវិញ Enel Green Power (EGP) ក្នុងទីក្រុង Camugnano បានកើនឡើងដល់ 6 នាក់ នៅពេលដែលក្រុមពន្លត់អគ្គីភ័យបានរកឃើញសាកសពជនរងគ្រោះបីនាក់ទៀត។ ខណៈកម្មកររោងចក្រម្នាក់នៅបាត់ខ្លួន។
យោងតាមអ្នកនាំពាក្យកងកម្លាំងជួយសង្គ្រោះអ៊ីតាលី Luca Cari គិតត្រឹមថ្ងៃទី 11 ខែមេសា អ្នកពន្លត់អគ្គីភ័យប្រហែល 100 នាក់ រួមទាំងអ្នកមុជទឹក 12 នាក់នៅតែស្ថិតនៅកន្លែងកើតហេតុនៃការផ្ទុះនេះ។ លោក Cari បានបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គីភ័យបានរកឃើញសាកសពពីរ ប៉ុន្តែកាលពីល្ងាចថ្ងៃទី 11 ខែមេសា ទីភ្នាក់ងារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលីបាននិយាយថា កម្លាំងបានរកឃើញសាកសពទីបី។
អាជ្ញាធរបាននិយាយថា ទួរប៊ីនបានផ្ទុះនៅជាន់ទី 8 ក្រោមទឹករបស់រោងចក្រ និងធ្វើឱ្យមនុស្ស 5 នាក់រងរបួស។ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ ។
ឧប្បត្តិហេតុខាងលើបានលើកឡើងនូវបញ្ហាថ្មីអំពីគ្រោះថ្នាក់ការងារនៅក្នុងប្រទេសអ៊ីតាលី។ មុនពេលមានឧបទ្ទវហេតុនេះ ក្នុងខែកុម្ភៈ ឆ្នាំនេះផងដែរ នៅក្នុងប្រទេសអ៊ីតាលី ការដ្ឋានសំណង់មួយបានដួលរលំនៅក្នុងទីក្រុង Florence បានសម្លាប់មនុស្ស 5 នាក់ ខណៈដែលបុគ្គលិកថែទាំ 5 នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុដែលទាក់ទងនឹងរថភ្លើងកាលពីខែសីហាឆ្នាំ 2023 ។
បច្ចុប្បន្នក្រុមហ៊ុន EGP បានប្តេជ្ញាសហការយ៉ាងពេញលេញជាមួយអាជ្ញាធរដើម្បីកំណត់ពីមូលហេតុនៃ “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ថ្មីដែលបានរៀបរាប់ខាងលើ៕
ដោយ៖ ធីរីណា(រូបថត៖ THX/TTXVN)