មណ្ឌលគិរី៖ ពលរដ្ឋមានរបរជីកទំពាំងព្រៃ ដែលជាស្ត្រីម្នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ ក្រោយសត្វដំរីព្រៃ ចាប់បោក ពេលដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង នាភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ករណីដ៏កម្រកើតឡើងនេះបានកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ចំថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាថានៅចំណុចអូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីស្លាប់ចំនួន ០១ នាក់ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមការសាកសួរពីរបងប្អូនសាច់ញាតិរបស់សពបានអោយដឹងថា សពនិង ប្ដីទៅរកទំពាំងនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នារកទំពាំង បន្តិចក្រោយមក ក៏ឃើញប្រពន្ធត្រូវបានដំរីចាប់បោកបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯ ស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕
ដោយ៖ វណ្ណា