ខេត្តស្វាយរៀង៖ បុរសជាកម្មកររោងចក្រម្នាក់ ខណៈមានជម្លោះជាមួយប្រពន្ធបណ្តាលឱ្យតូចចិត្តទៅផឹកស្រាស្រវឹង រួចចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិស្រុកស្វាយទាប។
តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤នេះថា បុរសខាងលើមានឈ្មោះ រឹម សារៀម អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងភ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍និងវេជ្ជបណ្ឌិត អូយ ថៃស្រ៊ុន នៅមន្ទីរពេទ្យស្រុកស្វាយទាប ព្រមទាំងអ្នកពាក់ព័ន្ឌ ដោយពិនិត្យនិងសន្និដ្ឋានថា ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកខ្លួនឯងប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ជារឿងឃាតកម្មនោះទេ ខណៈបុរសខាងលើបានហែកអាវយកទៅចងកនៅលើភ្លឺ ដែលស្ថិតនៅភូមិទួលច្រេស បង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ពីមូលហេតុ គឺដោយសារតែជនរងគ្រោះមានវិបត្តិក្នុងចិត្ត ហើយបានផឹកស្រាស្រវឹង និងឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំងទើបដាច់ចិត្តគិតខ្លីបែបនេះ។
បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរភូមិឃុំ បានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន