ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ប្រកាសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង អំពីការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដោយបានកំណត់កីឡាចំនួន ១៣ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង រួមមាន៖ 

-កីឡាបាល់ទាត់ 

-កីឡាបាល់ទះ 

-កីឡាបាល់បោះ 

-កីឡាអត្តពលកម្ម 

-កីឡាប៉េតង់ 

-កីឡាហែលទឹក 

-កីឡាវាយកូនឃ្លីលើតុ 

-កីឡាវាយសី 

-កីឡាតេក្វាន់ដូ ITF 

-កីឡាតេក្វាន់ដូ WT 

-កីឡាការ៉ាតេ 

-កីឡាសីដក់ 

-និងកីឡាគុនដាវ។ 

ការប្រកួតប្រជែងនេះ រៀបចំឡើង ដើម្បីលើកកម្ពស់វិស័យកីឡា ស្របតាមគោលនយោបាយជាតិ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា។

គូសបញ្ជាក់ថា ៖ សម្រាប់ការចូលរួមព្រឹត្តិការណ៍ថ្នាក់ជាតិខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា គឺជាអ្នកទទួលបន្ទុកលើការហូបចុក ស្នាក់នៅ និងដឹកជញ្ជូនក្នុងអំឡុងពេលប្រកួត សម្រាប់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី និងមន្ដ្រីដែលមានក្នុងនិយាមបច្ចេកទេស ដែលបានកំណត់ក្នុងបទបញ្ញត្តិទូទៅ។ ចំណែកការហូបចុកស្នាក់នៅរបស់ប្រតិភូដឹកនាំ ការធ្វើដំណើរ ការហូបចុកពេលមកចូលរួមប្រកួត និងត្រឡប់ទៅរាជធានី-ខេត្តវិញ ជាបន្ទុកចំណាយរបស់អង្គភាពសាម៉ី៕

ដោយ ៖ សិលា


ចែករំលែក៖