ព័ត៌មានទាន់ហេតុការណ៍៖

គោ​១២​ក្បាលងាប់​ក្នុង​ដីចម្ការ ម្ចាស់​គោ​ដាក់​ពាក្យ​ប្ដឹង​ម្ចាស់​ចម្ការថាដាក់ថ្នាំពុល

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គោ​ចំនួន​១២​ក្បាលត្រូវគេប្រទះឃើញដេកងាប់រដូករណែលក្នុងដីចម្ការមួយកន្លែងដែលគេសង្ស័យពុលថ្នាំហើយម្ចាស់គោបានដាក់ពាក្យប្តឹងទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​អូរ​ស្វាយដោយ​ចោទប្រកាន់​ថា ម្ចាស់ចម្ការដាក់ថ្នាំបំពុលសម្លាប់គោរបស់គាត់។

ហេតុការណ៍គោពុលថ្នាំងាប់នោះបានកើតឡើងនៅរសៀល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ២០២៤ ស្ថិត​នៅ​ភូមិ​រិ​ទ្ធី​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូ​រស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

តាមប្រភពថា ម្ចាស់គោនោះជាមន្ត្រី​យោធា​ មានឈ្មោះ សុវណ្ណ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

ក្នុងរបាយការណ៍​របស់ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរ​ស្វាយ រាយការណ៍​ជូន​ទៅ​អធិការ​ស្រុកមាន​ខ្លឹមសារ​ដូច​ខាងក្រោម៖

កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ ឈ្មោះ ឃិ​ន ផុ​ន ដែល​ជា​ឪពុក​ឈ្មោះ សុវណ្ណ សីហា បានលែង​គោ ជា​រៀង​រាល់​ម៉ោង១២​ដល់​ម៉ោង​១៦​និង​៣០​នាទី តែនៅថ្ងៃខែ​ឆ្នាំ​ដដែល គាត់​រកគោ​មិនឃើញក៏​ត្រឡប់​មក​ផ្ទះ​វិញ។ លុះដល់​ថ្ងៃ​ទី​១៦ វេលា​ម៉ោង​១៣និង​១០ នាទី​រសៀល ឈ្មោះ ឃិ​ន ផុ​ន ដើរ​រក​ម្ដងទៀតក៏​បានប្រទះឃើញ​សត្វ​គោ​ងាប់​នៅ​ចំណុច​ចម្ការ ឈ្មោះ រិ​ទ្ធ ចំនួន​១២​ក្បាល ហើយ​ក៏​មាន​ចានដែក​ដាក់​ទឹក​មួយ នៅ​នឹង​កន្លែង​កើតហេតុ​ផងដែរ។ 

សត្វ​គោ​ដែល​ងាប់​ទាំង​១២​ក្បាល​នោះគឺ​ម្ចាស់​គោយក​បាន​តែ​៤​ភ្លៅ​ទេ ក្រៅពី​នោះ ចោល​ទាំងអស់នៅ​នឹង​ដី​កើតហេតុ។

លោក ស៊ុត រិ​ទ្ធ អាយុ​៤២​ឆ្នាំ ជា​ម្ចាស់​ចម្ការ បាន​រៀបរាប់​ថា ចម្ការ​របស់​លោកពុំ​មាន​ដាក់​របង​លួសត្រឹមត្រូវ​នោះ​ទេ គ្រាន់តែ​ដាក់​បង្គោល​ចោះ​ៗ ។ 

គាត់​បន្ត​ថា កន្លង​មកមាន​សត្វ​ពពែនិង​ហ្វូង​សត្វ​គោចូល​ចម្ការ​របស់​គាត់ហើយដោយ​សារ​ស្គាល់​ម្ចាស់ក៏​បាន​ប្រាប់​ទៅ​ម្ចាស់​សត្វ​ពពែ ក្រោយមក​ក៏​ពុំ​ឃើញ​មាន​សត្វ​ពពែចូល​មក​ទៀត​ដែរ​។

ចំណែក​ហ្វូង​សត្វ​គោទាំងនោះគាត់​ពុំ​បាន​ស្គាល់​ម្ចាស់​ជា​នរណា​ឡើយ ហើយ​សត្វ​គោ​ទាំងនោះធ្លាប់​ចូល​ចម្ការ​របស់​គាត់​ពីរ​បី​លើករួច​មក​ហើយ​ ហើយ​ក៏​ធ្លាប់​ដេញ​ចេញពី​ចម្ការ​ផង​ដែរ តែ​នៅ​រសៀល​ថ្ងៃ​កើតហេតុលោក​បាន​លាយ​មេទឹក​ថ្នាំដូច​សព្វដងដើម្បី​បាញ់​ស្រោចទៅ​លើ​កូន​កៅស៊ូនិង​ដំណាំ​ដំឡូង ហើយ​ទឹក​ថ្នាំ​នោះ​លោក​ពុំដែល​ប្រើ​អស់នោះ​ឡើយ ព្រោះ​ដោយសារពេល​ត្រូវការ​បាញ់ថ្នាំ លោក​គ្រាន់តែ​លាយ​ទឹក​បន្ថែម រួច​យក​ទៅ​ប្រើប្រាស់​បន្ត​តែ​ម្ដង​។

លោក​បន្ត​ទៀត​ថា ពាក់ព័ន្ធ​រឿង​សត្វ​គោ ដែល​ចូល​ទៅ​ក្នុង​ចម្ការហើយ​ពុល​ទឹក​ថ្នាំ​ស្លាប់​នោះ លោក​ក៏​ពុំ​បាន​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ប្រសិនជា​ឃើញ​សត្វ​គោ​ទាំងនោះក៏​លោក​ដេញ​ចេញពី​ចម្ការ​របស់​លោក​ដែរ​។

លោក​បន្ថែម​ថា លោក​មិន​មាន​ចេតនា​ណាមួយដើម្បី​ចង់ឱ្យ​សត្វ​គោ​ទាំងនោះ ងាប់​នោះ​ទេ ហើយ​លោក​ទទួលស្គាល់​ថា លោក​ពុំ​បាន​រាយការណ៍​ជូន​ទៅ​ប៉ុស្តិ៍ ឬ​អាជ្ញាធរ​នៅ​គ្រាដែល​មាន​សត្វ​គោ​ចូល​ក្នុង​ចម្ការ​របស់​លោក​ដែរ​។ ចំណែក​ម្ចាស់​គោ​ទៀតសោត ក៏​លោក​ពុំដែល​ស្គាល់​ថាជា​នរណា​ឡើយ ទើបតែ​ស្គាល់​នៅ​ពេល ដែល​ប្រទះ​ឃើញ​សត្វ​គោងាប់នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួនតែ​ប៉ុណ្ណោះ ។

ទាក់ទិនករណី​ខាងលើ លោក លី មី​ណា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យបាន​ឱ្យដឹង​ថា ករណី​ខាងលើ​លោក​បាន​ឱ្យមន្ត្រី​ជំនាញ​ស្រាវជ្រាវ​ហើយ ។

លោក​អភិបាលស្រុកបាន​លើក​ឡើង​ថា ករណី​ខាងលើ​នេះ ភាគី​ទាំង​ពីរគឺ​មាន​កំហុស​ទាំង​សងខាង ទី​១ម្ចាស់​សត្វ​ចិញ្ចឹម គួរតែ​មាន​ក្រោល​ត្រឹមត្រូវ ចៀសវាង​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នក​ដទៃ ។

ទី​២ម្ចាស់​ចម្ការគួរ​ណា​ពេល​ឃើញ​មាន​សត្វ​គោចូល​ដីចម្ការ​របស់​ខ្លួនគួរ​ចាប់​រក្សា​ទុក រាយការណ៍​ជូន​ទៅ​ប៉ុស្តិ៍ឬ​អាជ្ញាធរឬ​ទៅ​ម្ចាស់​សត្វ​គោ​នោះ​ផង​ដែរ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​អូរ​ស្វាយ នៅថ្ងៃ​ទី​១៧ ខែមេសា​នេះ បាន​ចេញ​លិខិត​អញ្ជើញ​ឱ្យឈ្មោះ រិ​ទ្ធ មក​ស្ដាប់​ចម្លើយ​ពី​ករណី​គោងាប់​១២​ក្បាល កាលពី​ថ្ងៃ​ទី​១៦ ខែមេសា នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់​ខ្លួន។

បច្ចុប្បន្ន​គេ​នៅ​មិន​ទាន់​ដឹង​ថា តើមន្ត្រី​មាន​សមត្ថកិច្ចស៊ើបអង្កេត​វិនិច្ឆ័យក្នុង​ករណី​ខាងលើ​នេះទទទទួលបានលទ្ធផលយ៉ាងណានៅឡើយ ខណៈ​ម្ចាស់​គោដែល​ជា​មន្ត្រី​យោធាចិញ្ចឹមសត្វ​លែង​ពាស​វាល​ពាស​កាល​គ្មាន​សណ្ដាប់ធ្នាប់ ហើយ​ចូល​ទៅ​ដល់​ក្នុង​ដីចម្ការ​របស់​គេ រួចក៏ពុលងាប់​ដោយ​ខ្លួនឯង ហើយដាក់​ពាក្យបណ្ដឹង ប្ដឹង​ទៅ​ម្ចាស់​ចម្ការ​គេ​ថែម​ទៀត ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖