ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គ្មានការកែទម្រង់ណាមួយងាយស្រួលនោះទេ ជាពិសេសការកែទម្រង់ដែលផ្អែកលើចក្ខុវិស័យវែងឆ្ងាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់វិស័យការពារជាតិ តាមរយៈការពង្រឹងកងទ័ព គឺការពង្រឹងនាយទាហានរបស់យើង ដែលត្រូវដឹកនាំទ័ពការពារជាតិរបស់យើងរាប់សិបឆ្នាំតទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់ ដើម្បីឱ្យមានភាពឯករាជ្យម្ចាស់ការ ដើម្បីពង្រឹងកងទ័ពដែលជាខឿនការពារជាតិឱ្យកាន់តែរឹងមាំ ប៉ុន្តែក៏ត្រូវមានភាពប្រទាក់ក្រឡាគ្នាផងដែរ ដែលត្រូវសម្របសម្រួលដោយយន្តការហ្វឹកហ្វឺនរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការជាមួយគ្នា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានថ្លែងថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា ៕
ដោយ ៖ សិលា