ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្ដខិតខំ ថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតី ម្ចាស់ការ ពិសេស គោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ គណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បាន និងកំពុង ខិតខំប្រឹងប្រែង បំពេញតួនាទី-ភារកិច្ច ដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណះ សេវាសន្តិសុខ ជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ជាមួយនឹងការចាត់តាំងអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវ គោលនយោបាយ“ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” បានយ៉ាងល្អប្រសើរ។

    នេះជាការលើកឡើងរបស់ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាង  លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ ធ្លាប់សាធារណះ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ. នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

      លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំងលើវិស័យសន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណ ដំណាក់កាលទី១។

   លោកបន្តថា គណះបញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទី-ភារកិច្ចដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណះ ជាពិសេសសេវារដ្ឋបាល សេវាសន្តិសុខ ជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ សមធម៌សង្គមបរិយាបន្ន ជាមួយនឹងការចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ“ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” យ៉ាងល្អ ប្រសើរ ធានាប្រក្រតីភាពនៃជីវភាពសង្គមលើគ្រប់វិស័យ រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពន្លឿនការរអភិវឌ្ឍ និងបង្កើនទំនុក ចិត្តជូនដល់វិនិយោគិន ធុរជន ពាណិជ្ជករ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរនា។

ជាក់ស្តែងក្នុងអំឡុងពេលរៀបចំ ការបោះ ឆ្នោត ជ្រើសតាំងព្រឹទ្ធសភា អាណត្តិទី៥ ក៏ដូចជា ព្រឹត្តិការណ៏ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកាលពីថ្ងៃទី១៣-១៦ មេសា ២០២៤ កន្លងទៅនេះមានភ្ញៀវ ទេសចរណ៏ចូលរួមលេងកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ មានភ្ញៀវជាតិប្រហាក់ប្រហែល ១.៣០២.៦៦៦នាក់ និង ភ្ញៀវទេសចរណ៏អន្តរជាតិ ប្រហាក់ប្រហែល ១៨.៤៥៤នាក់ ដែលញាំងឲ្យបរិយាកាសក្នុងព្រឹត្តិការណ៏សង្ក្រាន្តឆ្នាំថ្មី ប្រកបដោយ បរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយក្តីមោទនភាពបំផុត។

    លោកបន្តទៀតថា ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារ ណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃដែលផ្សព្វផ្សាយនាពេលនេះ គឺជាយន្តការទិសដៅថ្មីបន្ថែមទៀត ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយទៀត សម្រាប់ការដឹកនាំ ការ គ្រប់គ្រង និងការអនុវត្តកិច្ចការជាអាទិភាព សំដៅពង្រឹងការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើឱ្យ មានសង្គតិភាព រវាងយន្តការគាំទ្រដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងការអនុវត្តតួនាទី ភារកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។

      លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បាន បញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើវិស័យអាទិភាពចំនួន៥ ពីមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។

  លោកបន្តថា ដើម្បីធានាដល់ការបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធសាស្ត្រស្តីពី “ការលើក កម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់អនុវត្តពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ សំដៅចូលរួម ចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ឱ្យសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕

ដោយ ៖ សំរិត


ចែករំលែក៖