ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រុសស្រី១១នាក់មានអាការៈក្អួតចង្អោរ រាក រួសសង្ស័យពុលនំបញ្ចុកកំពុងសម្រាកព្យាបាលនៅឡើយ

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋប្រុសស្រីចំនួន១១នាក់ស្រាប់តែកើតអាការៈក្អួតចង្អោរ រាករួសអស់កម្លាំងល្ហិតល្ហៃដៃជើង សង្ស័យពុលនំបញ្ចុកហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ខេត្តក្រចេះគ្រូពេទ្យជំនាញកំពុងពិនិត្យនិងធ្វើតេស្តសំណាករកមូលហេតុពិតប្រាកដ។

ហេតុការណ៍ប្រជាពលរដ្ឋមានអាការៈក្អួតចង្អោរ រាករួសនោះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ស្តិតនៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋទាំងនោះពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិយកទៅទទួលទានកាល ថ្ងៃទី១៥ហើយក្រោយទទួលទាននំបញ្ចុកនោះរួចប៉ុន្មានម៉ោងក៏ស្រាប់តែមានអាការៈក្អួតចង្អោរ រាក អស់កម្លាំងបែបនេះតែម្តង។

 អ្នកមានអាការៈបែបនេះទាំងអស់ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានអាការៈក្អួតចង្អោរ រាក អស់កម្លាំងកើតឡើងបន្តបន្ទាបស្រដៀងគ្នារហូតដល់១១នាក់ធ្ងន់ធ្ងរឡើងទើបត្រូវបានគេបញ្ជូនបន្តទៅកាន់មណ្ឌលសុខភាពស្រុកសំបូរ ខេត្តក្រចេះ។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមណ្ឌលសុខភាពស្រុកសំបូរ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩នេះ អាការៈពួកគាត់ប្រសើរឡើងវិញហើយ។

 ប៉ុន្តែទោះជាយ៉ាងណាក៏មិនទាន់ដឹងថាជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំលទ្ធផលធ្វើតេស្តសំណាករបស់ក្រុមគ្រូពេទ្យជំនាញសិន។

លោកបន្តថា មូលហេតុនៅពេលដែលបញ្ជូនមកពួកគាត់មានអាការៈក្អួតចង្អោរ និងរាក ក៏អាចរួមផ្សំនឹងអាកាសធាតុក្តៅខ្លាំងផងដូច្នេះយើងមិនទាន់អាចសន្និដ្ឋានបានថាមកពីករណីអ្វីពិតប្រាកដនៅឡើយទេ។

ក្នុងពេលឥឡូវនេះពួកគាត់ហាក់មានសភាពធូរស្រាលធម្មតាវិញហើយ។

លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានគេបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខាងលើមានឈ្មោះ

ទី១.ឈ្មោះ រី ស្រីតុប ភេទស្រីអាយុ២៣ឆ្នាំ។

ទី២.ឈ្មោះ កុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ។

ទី៣.ឈ្មោះ អ៊ុំ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ។

ទី៤.ឈ្មោះ រី សុខី ភេទស្រី អាយុ៧ឆ្នាំ។

ទី៥.ឈ្មោះ ថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ។

ទី៦.ឈ្មោះ ឈឿន ស្រីយុទ្ធ ភេទស្រី អាយុ១១ឆ្នាំ។

ទី៧.ឈ្មោះ ឈឿន ឆាលី ភេទប្រុសអាយុ១៤ឆ្នាំ។

ទី៨.ឈ្មោះ ស្រី មឿន ភេទប្រុស អាយុ៤៩ឆ្នាំ។

ទី៩.ឈ្មោះ សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ។

ទី១០.ឈ្មោះ ថាច ឆៃ ភេទប្រុស១៦ឆ្នាំ។

ទី១១.ឈ្មោះ រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ។

បច្ចុប្បន្នអ្នករងគ្រោះស្ថិតក្នុងការសម្រាកព្យាបាលនិងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរពីសំណាក់គ្រូពេទ្យនៅឡើយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖