ខេត្តកំពងស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនក្រុមជនសង្ស័យ៣ ក្នុងចំណោមបក្ខពួក១០នាក់ ទៅកាន់តុលាការ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ករណីវាយសម្លាប់យុវជនម្នាក់។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យ ៣នាក់ ដែលបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាម ផ្លូវច្បាប់ ទី០១,ឈ្មោះ រី រ៉ុម ភេទប្រុស អាយុ២២ឆ្នាំ រស់ នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ(រងរបួសក្បាល)និងជាអ្នកកាន់ដំបង វាយជនរងគ្រោះ,ទី២,ឈ្មោះ រី រិទ្ធី ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងប្រិយ៍ ស្រុកភ្នំស្រួច និងទី៣,មានឈ្មោះរឿន គង្គា ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ។
ចំណែកជនរងគ្រោះមានឈ្មោះម៉ៃ ចាន់ថន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (ស្លាប់)។
មន្ត្រីនគរបាលបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសាលាបឋម សិក្សាដក់ពរ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនា ដោយ ស្ថានទម្ងន់ ដោយសារការមរណៈភាពនៃជនរងគ្រោះ ដែលបង្កដោយជនសង្ស័យជាក្មេងទំនើង២ក្រុម យកខ្សែក្រវ៉ាត់ ដុំថ្ម និងដំបង វាយគ្នា បណ្តាលឲ្យជនរង គ្រោះម្នាក់ស្លាប់៕
ដោយ៖ សូរិយា