ខេត្តព្រះវិហារ ៖ លោក ចិន ខន្តី អភិបាលស្រុកជាំមក្សាន្ដនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុកធ្វើការបង្ក្រាបនិងឃាត់ត្រាក់ទ័រមួយគ្រឿងដែលកំពុងធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានដីរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ការចុះប្រតិបត្តិការបង្ក្រាបនេះ កងកម្លាំងបានធ្វើឡើងនៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២៤នៅត្រង់ចំណុចUTM(479526.1546188) ស្ថិតនៅម្តុំត្រពាំងខ្ទុំ (ព្រៃការពារដែនគូលែនព្រហ្មទេព) ស្ថិតក្នុងភូមិត្មាតប៉េីយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលកំពុងធ្វើការឈូសឆាយរុករានទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ។
គ្រឿងចក្រដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាននោះម៉ាក៧០៤០ ពណ៌ក្រហមចំនួនមួយគ្រឿង។
បច្ចុប្បន្នកម្លាំងសហការបានបញ្ជូនត្រាក់ទ័រមួយគ្រឿងនេះប្រគល់ទៅឱ្យជំនាញបរិស្ថានដែនគូលែនព្រហ្មទេពតាកឹងជាអ្នករក្សាទុក។
ចំពោះដីនៅតំបន់នេះកំពុងរងការទន្រ្ទានយ៉ាងខ្លាំងបំផុតដោយពួកជនល្មើសចូលធ្វើសកម្មភាពទន្រ្ទានតែពេលយប់ប៉ណ្ណោះ ហើយនៅក្នុងតំបន់នោះគេបានសង្កេតឃើញមានគេបោះបង្គោលថ្មជាច្រើនចោះៗសម្គាល់ក្បាលព្រំដីជាច្រើនកន្លែងទៀតសម្រាប់ម្ចាស់នីមួយៗទុកជាកម្មសិទ្ធិនិងបម្រុងឈូសឆាយបន្ត តែពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា៕
ដោយ ៖ ជីវ័ន្ត