ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចោទប្រកាន់គ្មានមូលដ្ឋានមកលើនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថា អសកម្មលើការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញ សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចោទប្រកាន់គ្មានមូលដ្ឋានមកលើនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថា អសកម្មលើការងារ ដោយបញ្ជាក់ថា ៖  នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានការបង្ហោះផ្សាយ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើមកលើនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា ក្នុងន័យថា នាយកដ្ឋានមានភាពអសកម្មនឹងការងារ។

ជាលទ្ធផលកិច្ចការងារកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែខិតខំ យកចិត្ត ទុកដាក់ខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងស៊ើបអង្កេត ករណីបទល្មើសលើប្រព័ន្ធបច្ចេកវិទ្យានានា យ៉ាងម៉ឺងម៉ាត់ ដូចជា ករណីព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គមជាច្រើន រហូតឈានដល់ការបង្ក្រាបជាបន្ត បន្ទាប់យ៉ាងមមាញឹកឥតមានពេលស្រាកស្រាន្ត ស្របតាមប្រកាសស្តីពីតួនាទី ភារកិច្ចរបស់នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា និងតែងតែផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានជាហូរហែរ ដែល ផ្ទុយទៅនឹងអ្វីដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូច បានលើកឡើងពីភាពអសកម្មរបស់ នាយកដ្ឋាន។

ចំពោះការលើកឡើងរបស់គណនីមួយចំនួនតូចថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពុំមាន ចំណាត់ការលើ គណនី និងទំព័រហ្វេសប៊ុក បញ្ចេញមតិប្រឆាំងការបរិភោគញាំស្ដៅ និងសម្លរស្ងោរម្រះក្នុងករណីនេះ នាយកដ្ឋាន បានស្រាវជ្រាវ និងពិនិត្យឃើញថាអាចជាការបញ្ចេញមតិលេងសើច ដោយសកម្មភាពនេះជាសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងពុំទាន់មានចំណុច ណាមួយល្មើសនឹងច្បាប់។ ទោះជាយ៉ាងនេះក្តី នាយកដ្ឋានកំពុងតែស្រាវជ្រាវទៅលើ គណនីហ្វេសប៊ុក ក៏ដូចជា ទំព័រហ្វេសប៊ុកមួយចំនួនដែលឆ្លៀតឱកាសកេងចំនេញផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីទាញយកចំណាប់អារម្មណ៍ ទទួលបាន ការ Like និង Share ច្រើនពីអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនោះបន្តទៅទៀត។ ទន្ទឹមនឹងនេះ នាយកដ្ឋាន សូមស្វាគមន៍ជានិច្ចចំពោះការចូលរួមយោបល់ និងមតិរិះគន់ក្នុងន័យស្ថាបនាដែលមានមូលដ្ឋានច្បាស់លាស់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណៈជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងធ្វើការ កែតម្រូវអត្ថបទ និងការបញ្ចេញមតិរបស់ខ្លួនឡើងវិញ ដែលប្រើពាក្យពេចន៍មិនសមរម្យ និងគ្មានមូលដ្ឋាន ច្បាស់លាស់ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖