ខេត្តព្រះសីហនុ ៖ នាល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា កន្លងមកមានជនអនាធិបតេយ្យមួយក្រុម ដែលបានចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន ដែលមានទីតាំងស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក តែងតែចុះអប់រំផ្សព្វផ្សាយ និងធ្វើការទប់ស្កាត់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមនេះ នៅតែបន្តធ្វើសកម្មភាពដោយមិនកោតក្រែងចំពោះផ្លូវច្បាប់នោះឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា : ចំពោះករណីខាងលើនេះ គឺមិនត្រឹមតែជាការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីឯកជនប៉ុណ្ណោះទេ គឺព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឯកជនថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេក្លោងបានចំនួន០២រូបហើយ និងបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់។
ដូច្នេះរដ្ឋបាលខេត្ត សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ ញុះញង់ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីឯកជន ឬដីរបស់រដ្ឋ សូមមេត្តាដកខ្លួនចេញជាបន្ទាន់ ដោយសារទង្វើនេះ គឺជាអំពើខុសច្បាប់ ដែលប្រឈមមុខទោសទណ្ឌដោយគ្មានការលើកលែង។
អាស្រ័យដូចមានជម្រាបជូនខាងលើសូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា