ទីក្រុងប៉ាតាយ៉ា៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ លោក អ៊ឹង រចនា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងជាន់ខ្ពស់ (High Level Representative -HLR) នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (High-Level Task Force on ASEAN Community’s Post-2025 Vision – HLTF-ACV) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៤ នៃ HLTF-ACV ពីថ្ងៃទី២៧-៣០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។
កិច្ចប្រជុំបានបញ្ចប់ការពិភាក្សាលើកទី១ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ (ASEAN Political and Security Community (APSC) Strategic Plan for ASEAN Community Vision 2045) ដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ានអនុម័តនៅឆមាសទី១ ឆ្នាំ ២០២៥។
នៅក្នុងឱកាសនោះដែរ ក្រុមការងារ HLTF-ACV ក៏បានជួបពិភាក្សាជាមួយប្រធានក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (High-Level Task Force on ASEAN Economic Integration – HLTF-EI) សហប្រធាននៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ (Ad Hoc Working Group on Development of ASCC Post-2025 Strategic Plan) និងគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee – ACCC) ដើម្បីផ្លាស់ប្តូរយោបល់ លើការតាក់តែងរៀបចំផែនការយុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០៤៥ សម្រាប់សសរស្តម្ភទាំង៤នេះ ៕
ដោយ ៖ សិលា